ក្រិក៖ គណបក្សអភិរក្សនិយមប្រជាធិបតេយ្យថ្មីរបស់ប្រទេសក្រិក សម្រេចបានជ័យជំនះដ៏ត្រចះត្រចង់នៅការបោះឆ្នោតសភាដែលជាការបោះឆ្នោតជុំទី ២កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់អាណត្តិជានាយករដ្ឋមន្រ្តីរយៈពេល ៤ឆ្នាំទៀត ដល់អ្នកកំណែទម្រង់ Kyriakos Mitsotakis ។

ទិន្នន័យក្រសួងមហាផ្ទៃ បង្ហាញថា ពេលដែលសន្លឹកឆ្នោតភាគច្រើនត្រូវបានរាប់រួច គណបក្សស្តាំនិយមកណ្តាលប្រជាធិបតេយ្យថ្មី បាននាំមុខជាមួយសំឡេងឆ្នោត ៤០,៥ភាគរយ ហើយនិងឈ្នះ ១៥៨អាសនៈ នៅក្នុងសភាដែលមាន ៣០០អាសនៈ ។
ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ បានជួបជុំគ្នានៅក្រៅទីស្នាក់ការកណ្តាលបក្សប្រជាធិបតេយ្យថ្មី ជាទីដែលលោក Mitsotakis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបោះឆ្នោត សម្រាប់ការគាំទ្ររបស់ពួកគេ ពេលដែលគេបាញ់កាំជ្រួចភ្ញីឡើងលើមេឃ ។
នៅតាមផ្លូវ រថយន្តបានចុចស៊ីផ្លេ និងគ្រវីទង់បក្ស ។

ពួកគេមានជាង ២០ពិន្ទុនាំមុខគណបក្ស Syriza គឺជាគណបក្សនិយមឆ្វេងនិយម ដែលបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ចំពេលកើតមានវិបត្តិបំណុលដ៏ធ្ងន់ធ្ងរបំផុត ហើយនិងបានដឹកនាំប្រទេសក្រិក រហូតដល់ឆ្នាំ ២០១៩ ជាពេលដែលពួកគេចាញ់គណបក្សប្រជាធិបតេយ្យថ្មី ៕