
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់ពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ ចំនួន៣៦លើក ដោយចំណាយថវិការដ្ឋអស់ជាង ៤ ពាន់ប៊ីលានរៀល ឬស្នើនឹងប្រមាណជាង ១០៨៨ លានដុល្លារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី១៣ លើកទី២ និងការបើកសាច់ប្រាក់ ជុំទី១៣ លើកទី៣ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី២ត្រូវបានបញ្ចប់ និងចាប់ផ្ដើមបន្តអនុវត្តការបើកផ្ដល់សាច់ប្រាក់ជុំទី១៣លើកទី៣ដល់ប្រជាពលរដ្ឋជាង ៧០ ម៉ឺនគ្រួសារបន្តទៀត។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១៣ ជុំ មាន ៣៦ លើករួចមកហើយ ដោយចំណាយថវិការដ្ឋអស់ជាង ៤ ពាន់ប៊ីលានរៀល ឬស្នើនឹងប្រមាណជាង ១០៨៨ លានដុល្លារ៕អត្ថបទ៖ វ៉ន ដារ៉ា