
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកដាស់តឿនមន្ត្រីទៅតាមក្រសួងស្ថាប័ន រដ្ឋទាំងអស់ ត្រូវខិតខំសន្សំសំចៃភ្លើងអគ្គិសនី មិនត្រូវប្រើប្រាស់ខ្ជីខ្ជា ខណៈវិស័យថាមពលនៅលើពិភព លោក កំពុងមានការឡើងថ្លៃ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមក្រសួងស្ថាប័ននានា កំពុងមានការអភិវឌ្ឍច្រើននូវអគារសម្រាប់ធ្វើការងារ បូករួមជាមួយនឹងការបំពាក់នូវសម្ភារៈល្អៗនៅតាមបន្ទប់។
សម្ដេចតេជោ បានបញ្ជាក់ថា ទន្ទឹមនឹងមានកន្លែងធ្វើការកាន់តែល្អ ការចំណាយក៏កាន់តែច្រើនផង ដែរ ដូច្នេះសម្ដេច បានរំលឹកមន្ត្រីត្រូវមានការសន្សំសំចៃ ជាពិសេសចំពោះភ្លើងអគ្គិសនី ។
គួរបញ្ជាក់ថា វិបត្តិនានា កំពុងកើតឡើងនៅលើពិភពលោក ដោយសារបញ្ហាសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដូចជាវិបត្តិវិស័យថាមពល បញ្ហាខ្វះប្រេង និងឧស្ម័នប្រើប្រាស់ផងដែរ ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការឡើងថ្លៃភ្លើងអគ្គិសនីឡើយ ព្រោះបើ ភ្លើងឡើងថ្លៃ នឹងធ្វើឲ្យវិស័យជាច្រើននៅកម្ពុជាជួបការលំបាក ជាពិសេសប្រជាពលរដ្ឋ ៕អត្ថបទ៖ បាន សុខរិទ្ធិ