
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកចុងខែសីហា ឆ្នាំ២០២៣ ដើម្បី រៀបចំប្រជុំសភា និងប្រកាសបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ បន្ទាប់ពីការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយក្នុងករណីគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នាពេលខាងមុខ ក្នុងករណីនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ មិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយដំណើរការដោះស្រាយដោយ គ.ជ.ប និងរហូតដល់ដំណាក់កាលនៃការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយបកត្រឡប់មកវិញ ប្រកាសលទ្ធផលផ្លូវការ និងបេក្ខជនជាប់ឆ្នោតប្រើរយៈពេលខ្លី ប៉ុន្តែក៏ត្រូវទុកពេលវេលាមួយចំនួន ។
សម្ដេចតេជោ បានបន្តថា តាមការគ្រោងទុកសភានឹងត្រូវប្រជុំលើកដំបូង នៅថ្ងៃទី២៨ ខែសីហា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះមហាក្សត្រ ហើយបន្ទាប់មកសភានឹងចូលស្បថនៅថ្ងៃបន្ទាប់នឹងប្រកាសបង្កើតរាជរដ្ឋាភិបាល នេះបើក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១៨ ៕ អត្ថបទ បាន សុខរិទ្ធិ