ព្រះសីហនុ ៖ នាព្រឹកទី ០៩ ខែសីហា ឆ្នាំ ២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃ ៨ ខែសីហា ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋ២នាក់ប្តី–ប្រពន្ធ បានស្លាប់ ដោយសាររលំបាក់របងសង្កត់លើ នៅសង្កាត់លេខ១ ក្រុង–ព្រះសីហនុ ។
សមត្ថកិច្ច ក្រុងព្រះសីហនុ ថ្លែងថា ជនរងគ្រោះទាំងពីរនាក់ ប្ដី–ប្រពន្ធធ្វើការជាកម្មករសំណង់ ក្នុងនោះបុរស ជា ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជា ប្រពន្ធឈ្មោះ សេង ញេន អាយុ ៥៦ឆ្នាំ ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ សីហា ២០១៩នេះ មានមនុស្ស៣នាក់ ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្តព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់ នៅក្រុងព្រះសីហនុ ក៏មានជនរងគ្រោះម្នាក់ជាមេការជនជាតិចិន បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នា នៅឃុំបិតត្រាំងស្រុកព្រៃនប់។
អជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗ បង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំង ដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានា កំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕







