ឥណ្ឌា ៖ នគរបាលបាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ រួមទាំងអនីតិជនពីរនាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបុកគ្នារវាងរថយន្តក្រុងពីរនៅភាគខាងកើតរដ្ឋ Odisha ប្រទេសឥណ្ឌា។
ឧប្បត្តិហេតុនៅលើដងផ្លូវនោះ បានកើតឡើងនៅជិតតំបន់ Digapahandi ម៉ោងប្រហែល ១យប់កាលពីថ្ងៃអាទិត្យ ពេលដែលឡានក្រុងឯកជនមួយគ្រឿងធ្វើដំណើរត្រលប់មកពីទីក្រុង Berhampur បានបុកជាមួយឡានក្រុងដំណើរការដោយរដ្ឋរបស់សាជីវកម្មដឹកជញ្ជូនផ្លូវថ្នល់រដ្ឋ Odisha (OSRTC) ដែលកំពុងមកដល់។
អ្នកជិះរថយន្តក្រុងឯកជនកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុង Khandadeuli ក្បែរតំបន់ Digapahandi ចេញពីពិធីជប់លៀងមួយនៅទីក្រុង Berhampur ពេលដែលសោកនាដកម្មនោះបានកើតឡើងតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះមុនកន្លែងគោលដៅរបស់ពួកគេ។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់រួមមានបុរស៦នាក់ ស្រី្ត៤នាក់ និងអនីតិជន២នាក់។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្ស៧នាក់ជាសមាជិកក្នុងគ្រួសារតែមួយ និងជាសាច់ញាតិរបស់ពួកគេ៕

