រុស្ស៊ី ៖ ប្រទេសរុស្ស៊ីបានព្យាយាមស្តារភាពស្ងប់ស្ងាត់ឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងសប្តាហ៍ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិច បានវាយតម្លៃពីមធ្យោបាយដែលលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចអះអាងឡើងវិញនូវសិទ្ធិអំណាច និងយុទ្ធសាស្រ្តយោធាសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។
ដោយបញ្ចប់ការបះបោររយៈពេលខ្លីរបស់ពួកគេ ក្រុមអ្នកប្រយុទ្ធ Wagner បានបញ្ឈប់ការឈានទៅមុខយ៉ាងលឿនរបស់ខ្លួននៅទីក្រុងមូស្គូ ខណៈបានដកខ្លួនចេញពីទីក្រុង Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញកាលពីល្ងាចថ្ងៃសៅរ៍ក្រោមកិច្ចព្រមព្រៀងដែលធានាសុវត្ថិភាពរបស់ពួកគេ។
ភាពច្របូកច្របល់ជុំវិញព្រឹត្តិការណ៍ដ៏ជ្រុលហួសហេតុកាលពីចុងសប្តាហ៍ បានធ្វើឱ្យរដ្ឋាភិបាលមានទាំងមិត្តភាព និងអរិភាពចំពោះទីក្រុងមូស្គូ ដោយស្វែងរកចម្លើយចំពោះអ្វីដែលអាចកើតឡើងបន្ទាប់នៅក្នុងប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា ភាពចលាចលនៅរុស្ស៊ីអាចត្រូវចំណាយពេលច្រើនខែដើម្បីដោះស្រាយ។ លោក Blinken បានប្រាប់កម្មវិធីសារព័ត៌មានរបស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យថា៖ យើងបានមើលឃើញការបែកបាក់ជាច្រើនបានលេចឡើងនៅក្នុងប្រទេសរុស្ស៊ី។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក្នុងអំឡុងពេលការបះបោរកាលពីថ្ងៃសៅរ៍នោះ លោក ពូទីន បាននិយាយថា ការបះបោរនេះ បានធ្វើឱ្យរដ្ឋរុស្ស៊ីស្ថិត នៅក្រោមការគំរាមកំហែង ដោយប្តេជ្ញាដាក់ទណ្ឌកម្មដល់អ្នកដែលនៅពីក្រោយការបះបោរនេះ៕
