ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ បង្ហាញគោលជំហរថា ពួកគេនឹងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ការប្រកាន់គោលជំហរនេះ ក៏ដោយសារតែពួកគេមើលឃើញពីការយកចិត្តទុកដាក់ ការគាំទ្រ ក៏ដូចជាការជួយឧបត្ថម្ភផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ ដោយរាប់បញ្ចូលទាំង ការថែទាំសុខភាពផ្ទៃពោះ ការសម្រាលកូន ក៏ដូចជាក្រោយពេលសម្រាល។
រាល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណក្រីក្រ ក្នុងពេលបច្ចុប្បន្នសុទ្ធតែទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីជំនួយសង្គមដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត។ កម្មវិធីទាំងនោះ រួមមានទាំង កម្មវិធីឧបត្ថម្ភសាច់ប្រាក់កំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ក៏ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារមានអាយុក្រោយ ២ឆ្នាំ។
ស្រ្តីមានផ្ទៃពោះ ដែលមានប័ណ្ណក្រីក្រ ហើយបានមកទទួលសេវាពិនិត្យសុខភាពផ្ទៃពោះ ជាប្រចាំនៅមន្ទីរពេទ្យបង្អែកចតុមុខ នៅថ្ងៃនេះ បានលើកឡើងថា ពួកគេ អរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្រប្រជាជនកម្ពុជាសព្វថ្ងៃ។
ពួកគេបន្តថា ក្រៅពីទទួលបានថវិកាជាប្រចាំខែ ពីកម្មវិធីសាច់ប្រាក់ជូនគ្រួសារក្រីក្រ ពួកគេក៏ទទួលបានអត្ថប្រយោជន៍ ពីកម្មឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំផងដែរ។
ពួកគេមើលឃើញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាបានគិតគូ និងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រជាច្រើន។ ពួកគេមានគោលជំហរច្បាស់ គឺគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទៅមុខទៀត។
ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាអាយុក្រោម ២ឆ្នាំ គឺផ្ដល់ជាថវិកាសរុបចំនួន ៧៦ម៉ឺនរៀល។ ការផ្ដល់ជូននេះ ធ្វើឡើងជា ៣ដំណាក់កាល ក្នុងនោះគឺមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាល។
ឯកឧត្តមឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងថា ការដំឡើងថវិកាឧបត្ថម្ភគឺកើនឡើងទ្វេដង។ ជាក់ស្ដែងគឺ មុនសម្រាល ទទួលបាន៤ដង ១ដងស្មើនឹង ៤ម៉ឺនរៀល កើនដល់ ៨ម៉ឺនរៀល ពេលសម្រាលធ្លាប់ទទួលបាន ២០ម៉ឺនរៀល កើនដល់ ៤០ម៉ឺនរៀល រីឯក្រោយសម្រាលទទួលបាន ១០ដង ១ដងទទួលបាន ៤ម៉ឺនរៀល កើនដល់៨ម៉ឺនរៀល៕ អត្ថបទ៖ គឹមហុក