ឥណ្ឌា ៖ Infosys ជាក្រុមហ៊ុនផ្តល់សេវាព័ត៌មានវិទ្យា (IT) លំដាប់លេខ២ របស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ក្រុមហ៊ុន បានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងតម្លៃ ៤៥៤លានដុល្លារជាមួយធនាគារ Danske របស់ប្រទេសដាណឺម៉ាក ដោយការចុះកិច្ចព្រមព្រៀងនេះ កើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគូប្រជែងដ៏ធំជាងគេរបស់ខ្លួនគឺក្រុមហ៊ុន Tata Consultancy Services បានប្រកាសនូវកិច្ចសន្យាធំនៅចំពេលមានការធ្លាក់ចុះនៃឧស្សាហកម្មសេវាកម្មព័ត៌មានវិទ្យា។
ក្រុមហ៊ុន Infosys បានឲ្យដឹងនៅក្នុងឯកសារបទប្បញ្ញត្តិមួយថា កិច្ចព្រមព្រៀងដែលរួមមានទាំងកិច្ចសន្យាដែលក្រុមហ៊ុន Infosys ទទួលបានមជ្ឈមណ្ឌលព័ត៌មានវិទ្យារបស់ធនាគារ Danske នៅប្រទេសឥណ្ឌានោះ មានរយៈពេល ៥ ឆ្នាំ ដោយមានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលអតិបរមា ៣ដង។
នាយកប្រតិបត្តិក្រុមហ៊ុន Infosys លោក Salil Parekh បាននិយាយថា៖ «ក្រុមហ៊ុន Infosys នឹងសហការជាមួយធនាគារ Danske ដើម្បីពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន ជាមួយនឹងសមត្ថភាពផ្ដល់ឌីជីថល សេវាផ្ទុកទិន្នន័យ និងទិន្នន័យកាន់តែធំឡើងៗ។
ក្រុម Infosys រំពឹងថា ប្រតិបត្តិការនឹងបញ្ចប់មុនត្រីមាសទី២ នៃឆ្នាំសារពើពន្ធឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Bengaluru មួយនេះ មានការប្រែប្រួលតិចតួចប៉ុណ្ណោះ បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងនេះ។ ភាគហ៊ុន បានធ្លាក់ចុះប្រហែល ១៥ភាគរយមកទល់ពេលនេះ ក្នុងឆ្នាំនេះ បើប្រៀបធៀបជាមួយនឹងសន្ទស្សន៍របស់ក្រុមហ៊ុនព័ត៌មានវិទ្យា Nifty IT ដែលបានប្រែប្រួលតិចតួច។
តែយ៉ាងណាក្ដី កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផ្ដល់សេវាកម្មព័ត៌មានវិទ្យារបស់ឥណ្ឌាប្រឈមនឹងបញ្ហាតម្រូវការនៅក្នុងទីផ្សារធំៗរបស់ពួកគេ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលអតិថិជនបានកាត់បន្ថយការចំណាយ ដោយសារមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ច៕

