ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ជាង ២៥០,០០០នាក់កាលពីថ្ងៃពុធ ចាប់តាំងពីជំងឺរាតត្បាតសកលបានចាប់ផ្ដើមផ្ទុះ ខណៈដែលជំងឺនេះបានឆ្លងរាតដាលដល់តំបន់ជនបទ ដែលបណ្ដាលឲ្យក្រុមគ្រួសារជាច្រើនស្រែកយំ ស្ដាយសាច់ញាតិស្លាប់នៅមន្ទីរពេទ្យនានាតាមជនបទ ឬជំរំព្យាបាលអ្នកជំងឺ។

រលកទី២ បានផ្ទុះកាលពីខែកុម្ភៈដាក់បន្ទុកដ៏ធ្ងន់លើមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ ព្រមទាំងបណ្ដាលឲ្យមានសាកសពគរនៅតាមឈាបនដ្ឋាន និងកន្លែងបូជាបណ្ដោះអាសន្ននានា។ ក្រុមអ្នកជំនាញនៅតែមិនទាន់អាចនិយាយឲ្យប្រាកដថា នៅពេលណាចំនួនអ្នកឆ្លងនឹងឡើងដល់ចំណុចកំពូល ហើយក្ដីបារម្ភកំពុងកើនឡើងយ៉ាងខ្លាំងអំពីការចម្លងវីរុសកូរ៉ូណា ឬជំងឺCOVID-19 បម្លែងខ្លួនថ្មីដែលកំពុងឆ្លងរាតត្បាតខ្លាំងនៅឥណ្ឌា និងពិភពលោកទាំងមូល។ ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងខ្ពស់បំផុតរហូតដល់ ៤,២០៥នាក់ ខណៈករណីឆ្លងបានហក់ឡើងដល់ ៣៤៨,៤២១នាក់ក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យអ្នកឆ្លងសរុបឡើងដល់ជាង ២៣លាននាក់៕
អត្ថបទ៖ សុខមាន