
ក្រុមនគរបាលនិយាយថា ក្រុមអាជ្ញាធរនៅសហភាពមីយ៉ាន់ម៉ា បានដុតបំផ្លាញចោលគ្រឿងញៀនខុសច្បាប់តម្លៃជាង ៤៤០លានដុល្លារ ដែលរឹបអូសបាននៅទូទាំងប្រទេស ដើម្បីប្រារព្ធទិវាប្រឆាំងការជួញដូរគ្រឿងញៀនអន្តរជាតិ ឬ ទិវាគ្រឿងពិភពលោក។
ការដុតកម្ទេចចោលគ្រឿងញៀននៅថ្ងៃចន្ទនេះ បានធ្វើឡើង ស្របពេលដែលក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) ព្រមានពីកំណើនការផលិតអាភៀន សារធាតហេរ៉ូអ៊ីន និងសារធាតុមេតំហ្វេតាមីននៅមីយ៉ាន់ម៉ា ក្នុងនោះការនាំចេញគ្រឿងញៀន នឹងគំរាមកំហែងដល់ការពង្រីកទីផ្សារនៅតំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។
មីយ៉ាន់ម៉ា មានប្រវត្តិជាយូរមកហើយរឿងផលិតគ្រឿងញៀន ដែលពាក់ព័ន្ធនឹងកត្តាអសន្តិសុខនយោបាយ និងសេដ្ឋកិច្ច បង្កឡើងដោយសារតែជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍មកហើយ។
ប្រទេសនេះដែរ គឺជាប្រទេសផលិត និងនាំចេញសារធាតុមេតំហ្វេតាមីនដ៏សំខាន់ ហើយបច្ចុប្បន្នពួកគេក៏ជាប្រទេសផលិតអាភៀន និងហេរ៉ូអ៊ីធំបំផុតលំដាប់ទី ២របស់ពិភពលោក បន្ទាប់ពីអាហ្វហ្គានីស្ថានផងដែរ បើទោះបីជាមានការព្យាយាមម្តងហើយម្តងទៀត ដើម្បីលើកកម្ពស់ការដាំដំណាំស្របច្បាប់នៅក្នុងចំណោមប្រជាពលរដ្ឋក្រីក្រក៏ដោយ៕

