ភ្នំពេញ៖ លោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលផលិត និងចែកចាយមីជូរហឹរដ៏ធំមួយនៅ ទីក្រុងលីវចូវ ខេត្តគ័ងស៊ី ប្រទេសចិន បាននិយាថា បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុង ផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៣ម៉ឺននាក់ តាមរយៈការធ្វើកិច្ចសន្យា ទទួលទិញផលិតផលកសិផល ដែលជាវត្ថុធាតុដើមក្នុងការផលិតមីជូរហឹរ។
នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជា នៅក្នុងប្រទេសចិន លោក Chen Bo បានរៀបរាប់ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនខ្លួនបានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃ មីជូរហឹរ។ បច្ចុប្បន្ន មីជូរហឹរ មាន៥រសជាតិ ដូចជា រសជាតិដើម, ប៉េងប៉ោះ, ឆ្អឹងស៊ុប, ថែមហឹរ និងរសជាតិថែម(ក្អិន)ស្អុយ។
លោកបានឲ្យដឹងទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីគឺកើនឡើង ២ខ្ទង់ ខណៈបរិមាណផលិតក្នុងឆ្នាំ២០២២ មានចំនួន ១០០លានកញ្ចប់។ នៅឆ្នាំ២០២៣នេះ លោកក៏មានសុទិដ្ឋិនិយមចំពោះកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។ លោកបន្ថែមថា ក្រៅពីលក់នៅប្រទេសចិន យីហោមីជូរហឹររបស់លោក ក៏ត្រូវបានចែកចាយនៅក្រៅប្រទេសដែរ ដូចជា ទីផ្សារអាម៉េរិក ទីផ្សារនៅតំបន់អាស៊ី សិង្ហបុរី ម៉ាឡេស៊ី។ ក្រៅពីនេះ ប្រទេសកម្ពុជា ក៏មានវត្តមានមីជូរហឹររបស់ក្រុមហ៊ុននេះដែរ។
លោកឲ្យដឹងទៀតថា បច្ចុប្បន្ន តាមរយៈឈ្មួញចែកចាយ ផលិតផលមីជូរហឹរត្រូវបាននាំចូលទៅប្រទេសកម្ពុជាហើយ ដោយសារតែតំបន់នេះនៅជិតនឹងប្រទេសកម្ពុជា។ ដូច្នេះការដឹកជញ្ជូនមានភាពងាយស្រួលផងដែរ។ ហើយតាមរយៈបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន ដោយសារតែរសជាតិរបស់ប្រជាពលរដ្ឋតំបន់លីវចូវ និងរសជាតិនៅកម្ពុជា ស្រដៀងគ្នា។ ដូច្នេះនៅកម្ពុជាក៏លក់ដាច់ដែរ ហើយរសជាតិដែលដាច់ជាងគេ គឺ(មីជូរហឹរ)រសជាតិដើម»។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានកម្ពុជាចំនួន១៤រូប មកពីស្ថាប័នធំៗចំនួន១០ ត្រូវបានកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily អញ្ញើញឲ្យទស្សនកិច្ច រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងតំបន់សំខាន់ៗរបស់ខេត្តក្វាងស៊ី ដូចជា ទីក្រុងណាននី (Nanning) ទីក្រុងឈីងចូង (Qinzhou) ទីក្រុងលីវចូង (Liuzhou) ទីក្រុងគួយលីន (Guilin) និងកន្លែងដ៏ស្រស់ស្អាតផ្សេងៗទៀត៕ ដោយ ៖ បូរ៉ាវី







