ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ជនរួមជាតិទាំងអស់ ពិសេសមាតាបិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយបានអំពាវនាវ និងណែនាំដល់ជនរួមជាតិទាំងអស់ បន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាល្មើស និងរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។
ក្នុងនោះ ទី១ គឺកុំពាក់ព័ន្ធ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍៖ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះ ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង៖ មាន ន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។
សូមជម្រាបថាកាលពីឆ្នាំ២០២២កន្លងទៅបទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួន ៦ ៣៩០ ករណី គឺមានការកើនឡើង ប្រមាណ ១,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត ១៥ តោន កើនប្រមាណជាង ៣ ដង និងសារធាតុគីមីផ្សំជាង ៥០៤ តោន កើនប្រមាណ ៤៩៤,១៨% ត្រូវបានរឹបអូសបាន និងធ្វើការដុតបំផ្លាញចោលនៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួនហើយជនសង្ស័យចំនួន ១៥ ០០២ នាក់ ត្រូវបានឃាត់ខ្លួនដែលក្នុងនោះមួយចំនួនត្រូវបានបញ្ជូនទៅតុលាការ៕ ដោយ ៖ ដារ៉ា

