ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនានេះ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ៣៦០០ រូប ស្ថិតនៅវិមាន៧មករា។
នៅក្នុងពិធីសំណាលនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ការជួបជុំនាពេលនេះ បានបង្ហាញពីកម្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក-សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង១២,០០០ នាក់។
សម្ដេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីប្រវត្តិសមិទ្ធផល និង ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្រ្គាម និងស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស ពីមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិនានា។
លើសពីនេះ សម្ដេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ត្រៀមខ្លួនចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានថ្លែងអំណរគុណចំពោះវត្តមានយ៉ាងកក់ក្ដៅរបស់សម្ដេចកត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់ ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងស្នាដៃការងារនានារបស់ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ។
លើសពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលម្អជីវភាពរស់នៅ។
គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា គឺរៀបចំធ្វើឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣៕ អត្ថបទ៖ទូច សោភ័ណ










