ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជានៅប្រទេសចិន ក្រុមហ៊ុនផលិតថ្នាំ អាហារបំប៉នសុខភាពធំមួយនៅខេត្តគ័ងស៊ី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការចែកចាយផលិតផលឱសថ ស្ករបៀមសម្រួលបំពង់ក និងប្រភេទថ្នាំបំប៉នសុខភាពផ្សេងៗទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ង ចៀន ភីង (Huang Jian Ping) អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ក្នុងឱកាសទទួលស្វាគមន៍ក្រុមអ្នកសារព័ត៌មានកម្ពុជា កាលពីកន្លងទៅនេះ បានឲ្យដឹង គិតមកដល់ពេលនេះ ក្រុមហ៊ុនលោកដំណើរការអស់រយៈពេលប្រមាណ ៨០ឆ្នាំមកហើយ ហើយបច្ចុប្បន្នបានវិវត្តខ្លួនជាក្រុមហ៊ុនផលិតថ្នាំដែលឈរនៅលំដាប់លេខ៥០ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ផ្តោតលើការផលិតថ្នាំស្កបៀម និងអាហារបំប៉នសុខភាព ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតឱសថ ស្ករបៀម និងអាហារបំប៉នសុខភាពចំនួន ៣៦៨ប្រភេទ។ លោកបានបន្តថា ផលិតផលរបស់ក្រុមហ៊ុន កំពុងត្រូវបានចែកចាយទាំងក្នុងប្រទេស និងទៅប្រទេសចំនួន ៥៣ទៀតនៅទូទាំងពិភពលោក ក្នុងនោះមាន សហរដ្ឋអាម៉េរិក តំបន់អឺរ៉ុប រុស្ស៊ី ជប៉ុន សិង្ហបុរី ថៃ និងក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានលើកឡើងថា ទីផ្សារកម្ពុជា គឺជាទីផ្សារសំខាន់មួយក្នុងតំបន់អាស៊ាន។ ដូច្នេះក្រុមហ៊ុន បាននិងជំរុញឱ្យផលិតផលរបស់ក្រុមហ៊ុន ត្រូវបានចែកចាយលក់នៅទូទាំងប្រទេសកម្ពុជា។ លោកឲ្យដឹងទៀតថា ដោយសារតែផលិតផល មានលក់នៅច្រើនប្រទេស ដូច្នេះក្រុមហ៊ុន នឹងបន្តកែច្នៃប្រភេទថ្នាំ និងអាហារសុខភាព តាមតម្រូវការរបស់ប្រជាជនតាមប្រទេសនីមួយៗ ដោយឈរលើស្មារតីយកចិត្តទុកដាក់លើសុខភាពប្រជាជនជាធំ.
សូមបញ្ជាក់ថា អ្នកសារព័ត៌មានកម្ពុជាចំនួន១៤រូប មកពីស្ថាប័នធំៗចំនួន១០ កាលពីថ្ងៃទី១៥ ដល់២០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily អញ្ញើញឲ្យទស្សនកិច្ច ក្នុងកម្មវិធី «អ្នកសារព័ត៌មានកម្ពុជា មើលខេត្តគ័ងស៊ី»៕ ដោយ ៖ បូរ៉ាវី







