
ផ្សែងដ៏អួរអាប់ពីចំហេះព្រៃនៅប្រទេសកាណាដាបានគ្របដណ្តប់លើទីក្រុងម៉ុងរ៉េអាល់កាលពីថ្ងៃអាទិត្យ (២៥ មិថុនា) ដែលនាំឱ្យមានការលុបចោលព្រឹត្តិការណ៍ជាច្រើន ហើយទីក្រុងនេះជាប់ចំណាត់ថ្នាក់ជា "ទីក្រុងដែលមានខ្យល់បំពុលខ្លាំងបំផុតនៅលើពិភពលោក" យោងតាមសន្ទស្សន៍គុណភាពខ្យល់។
សា្ថប័ន IQAir ដែលជាសម្ព័ន្ធស្វីសវាស់កម្រិតគុណភាពខ្យល់បាននិយាយថា ទីក្រុងម៉ុងរ៉េអាល់ មានកង្វក់ខ្យល់ខ្លាំងបំផុតនៅលើពិភពលោកគិតត្រឹមម៉ោង ៦:០០ព្រឹក ម៉ោងសកលនៅថ្ងៃចន្ទ (២៦ មិថុនា)នេះ។
ការប្រកួតកីឡាទ្រីយ៉ាត្លុងរយៈចម្ងាយឆ្ងាយរបស់ទីក្រុងម៉ុងរ៉េអាល់ ត្រូវបានលុបចោល ដោយសារគុណភាពខ្យល់មិនល្អ ហើយក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មូលដ្ឋានកីឡាក្រៅនៅខាងក្រៅ ព្រមទាំងអាងហែលទឹកជាច្រើននឹងត្រូវបិទ។
កាណាដាកំពុងប្រឈមនឹងកំណើនគួរឱ្យព្រួយបារម្ភនៃចំហេះព្រៃ ខណៈចំនួននៃចំហេះព្រៃសកម្មយ៉ាងសន្ធោសន្ធៅបានកើនឡើងដល់ ៤៦៥ ករណីនៅទូទាំងប្រទេស នេះបើយោងតាមមជ្ឈមណ្ឌលភ្លើងឆេះព្រៃអន្តរកម្មកាណាដា (CIFFC)៕