
នាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅថ្ងៃចន្ទ (ទី២៦ ខែមិថុនា) នេះ បានធ្វើបដិសណ្ឋារកិច្ចទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh នៅឯពិធីស្វាគមន៍ ដែលធ្វើឡើងក្នុងវិមានប្រជាជនរបស់ទីក្រុងប៉េកាំង។
លោក Li និងលោក Chinh បានបើកកិច្ចប្រជុំមួយ បន្ទាប់ពីពិធីនេះ ដែលគណៈប្រតិភូនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣ ទាក់ទងនឹងពាណិជ្ជកម្ម ការការពារបរិស្ថាននៅឈូងសមុទ្រតុងកឹង (Tonkin) និងប្រព័ន្ធព្រំដែនទំនើបរវាងទីក្រុង Lang Son របស់ប្រទេសវៀតណាម និងតំបន់ស្វយ័តក្វាងស៊ី (Guangxi) របស់ប្រទេសចិន។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅមុនពេលលោក Chinh ដឹកនាំគណៈប្រតិភូវៀតណាមទៅកាន់ទីក្រុងធានជីន (Tianjin) ប្រទេសចិន ដើម្បីចូលរួមសម័យប្រជុំរដូវក្តៅ Davos សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ស្អែកនេះ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាមលោក Chinh និងគណៈប្រតិភូផ្លូវការរបស់លោក បានមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ពីថ្ងៃទី ២៥-២៨ ខែមិថុនា តាមការអញ្ជើញពីនាយករដ្ឋមន្ត្រីចិនលោក Li និងពីលោក Klaus Schwab ដែលជាស្ថាបនិក និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕