
តារាសម្ដែងស្រីរបស់ផលិតតកម្មហូលីវូដ លោកស្រី Dia Mirza បានដើររើសសំរាម នៅទីក្រុងតំបន់ភ្នំ Shimla ភាគខាងជើងប្រទេសឥណ្ឌា ក្នុងគោលបំណងជួយឲ្យជួរភ្នំហិមាល័យមាននូវបរិស្ថានស្អាតល្អ និងគ្មានប្លាស្ទិក ខណៈដែលលោកស្រីបានចូលរួមជាមួយអង្គការមិនរកប្រាក់កម្រៃ ក្នុងកម្មវិធី «Healing Himalayas» (ជួយសង្គ្រោះភ្នំហិមាល័យ) កាលពីថ្ងៃអាទិត្យ (២៥ មិថុនា)។
ទីក្រុងតំបន់ភ្នំ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ កំពុងប្រឈមនឹងការចោលសំរាមយ៉ាងលើសលប់ ដែលគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទីក្រុង Shimla។ រដ្ឋភិបាលរដ្ឋ Himachal Pradesh បានដំឡើងរោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល និងបង្កើតឱកាសទិញត្រឡប់មកវិញ ដើម្បីឲ្យអ្នករើសសំរាមអាចរកប្រាក់ចិញ្ចឹមជីវិតរបស់ពួកគេពីការសម្អាតបរិស្ថានជុំវិញ ខណៈដែលរដ្ឋប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម។
ការសិក្សាបានភ្ជាប់កាកសំណល់ប្លាស្ទិក ជាសំរាមដ៏គ្រោះថ្នាក់បំផុត ជាពិសេសដោយសារលក្ខណៈសម្បត្តិ ដែលពិបាកបំផ្លាញរបស់វា។ ក្នុងឆ្នាំ២០១៤ លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសនូវយុទ្ធនាការ «Swachh Bharat» ឬ«Clean India» (ធ្វើប្រទេសឥណ្ឌាស្រស់ស្អាត) និងប្តេជ្ញាគ្រប់គ្រងការបង្កកង្វក់ តែយ៉ាងណា ភាពជោគជ័យនៃបេសកកម្មនេះ នៅតែជាអ្វីដែលត្រូវបានជជែកតវ៉ាគ្នាដដែល។
របាយការណ៍ឆ្នាំ២០១៥ ដោយក្រុមប្រឹក្សាត្រួតពិនិត្យការបង្កកង្វក់មជ្ឈិម (CPCB) បាននិយាយថា ទីក្រុងនានារបស់ឥណ្ឌា បានផលិតកាកសំណល់ប្លាស្ទិកច្រើនជាង ១៥.០០០តោនជារៀងរាល់ថ្ងៃ។ ក្នុងចំនួននេះ ៩.០០០តោនត្រូវបានប្រមូល និងកែច្នៃ ខណៈដែលនសំរាមនៅសល់ផ្សេងទៀត ត្រូវបានចោលពាសពេញផ្លូវ និងលូ ឬត្រូវចាក់ចូលទៅក្នុងកន្លែងចាក់សំរាម៕