រុស្ស៊ី៖ ខណៈក្រុមអ្នកប្រយុទ្ធមកពីក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី វ៉េកណា បានចេញក្បួនដំណើរទៅកាន់ទីក្រុងមូស្គូ ហេតុការណ៍ភ្ញាក់ផ្អើលជាច្រើនត្រូវបានទម្លាយនៅក្នុងប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណា បានកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងសមរភូមិដែលនៅតែបន្តជាយូរមកហើយប្រឆាំងនឹងក្រុមបះបោរ នៅក្នុងប្រទេសទាំង២នេះ ។

យោងតាមឯកសារលិចធ្លាយរបស់សហរដ្ឋអាមេរិក ក្រុមទាហានស៊ីឈ្នួលវ៉េកណា បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសយ៉ាងហោចណាស់៨នៅតំបន់អាហ្វ្រិក។
នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានវាយបង្ក្រាបក្រុមឧទ្ទាមបះបោរមួយចំនួនចាប់តាំងពីឆ្នាំ២០១៨មក។ នៅក្នុងប្រទេសម៉ាលី អង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចលោកខាងលិច និយាយថា ក្រុមហ៊ុនទាហានស៊ីឈ្នួលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ជាមួយកងកម្លាំងម៉ាលី ដែលកំពុងប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធជីហាដ។
តែប្រទេសម៉ាលី និងរុស្ស៊ី បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។
ក្រុមមេដឹកនាំយោធារបស់ប្រទេសម៉ាលី និយាយថា ពួកគេពុំបានទទួលយកកងកម្លាំងពីក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណាទេ តែក្រុមអ្នកបណ្ដុះបណ្ដាលកំពុងជួយដល់ទាហានក្នុងស្រុក ដោយនាំយកគ្រឿងយុទ្ធោបករណ៍ពីប្រទេសរុស្ស៊ី។

ដូច្នេះ តើការក្រោកបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉េកណាអាចប៉ះពាល់អ្វីខ្លះដល់តំបន់នេះ?
កាលពីចុងសប្ដាហ៍មុន អ្នកនាំពាក្យសម្រាប់រដ្ឋាភិបាលក្នុងទីក្រុង បាម៉ាកូ (Bamako) របស់ប្រទេសម៉ាលី និងទីក្រុង បាងគី (Bangui)របស់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល បានច្រានចោលការអត្ថាធិប្បាយ ដែលថា តើភាពចលាចលនេះនឹងអាចប៉ះពាល់យ៉ាងណាខ្លះដល់យុទ្ធសាស្ត្រសន្តិសុខរបស់ពួកគេ។
ប៉ុន្តែជម្លោះផ្ទៃក្នុងភ្លាមៗបែបនេះ បានបង្កឲ្យមានបញ្ហាផ្នែកការទូត ។ ប្រទេសទាំង២ បាននិងកំពុងព្យាយាមស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី៕