ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្រ្ដី បានប្រកាសថា រដ្ឋលេខាធិការម្នាក់បម្រើការនៅទីស្ដីការគណៈរដ្ឋមន្រ្ដី បានឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកជំទាវមួយរូបដែលមានឋានៈជារដ្ឋលេខាធិការបានចាប់ផ្ដើមមិនស្រួលខ្លួននៅថ្ងៃទី៦-៧ ខែឧសភា បន្ទាប់ពីលោកជំទាវបានទៅចាក់វ៉ាក់កូវីដ-១៩លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី៣ ខែឧសភា។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា លោកជំទាវបានធ្វើតេស្ដរកមេរោគកូវីដ-១៩នៅគេហដ្ឋានរបស់ខ្លួនដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម្សិលមិញនេះ និងបានទទួលលទ្ធផលវិជ្ជមាន។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២១ ១៤១នាក់ គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕