អាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ព្យុះកួចនិងព្យុះភ្លៀង បានបោកបក់នៅតំបន់Midwest និងភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឱ្យលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញ និងយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់នៅក្នុងរដ្ឋ Indiana និង Arkansas ។

អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា ខ្យល់កួចជាច្រើន និងខ្យល់ព្យុះខ្លាំង ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យនៅភាគកណ្តាលរដ្ឋ Indiana និងរដ្ឋ Arkansas ។
មន្ត្រីសង្គ្រោះបន្ទាន់ មកពីតំបន់ Martin រដ្ឋ Indiana បានបញ្ជាក់ថា មានអ្នកស្លាប់ម្នាក់នៅក្នុងតំបន់នេះ។ នាយកគ្រប់គ្រងគ្រោះអាសន្ន លោក Cameron Wolf បាននិយាយថា ដៃគូដែលរងរបួសរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពួកគេរស់នៅក្នុងលំនៅឋានសង់ពីឈើពីរជាន់ ដែលត្រូវបានបំផ្លាញដោយព្យុះ។

ការិយាល័យតម្រួតតំបន់ Lonoke បានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីដើមឈើមួយដើមបានបាក់រលំលើលំនៅឋានមួយខ្នងក្នុងទីក្រុង Carlisle រដ្ឋ Arkansas ដោយសារតែខ្យល់ព្យុះខ្លាំងកាលពីថ្ងៃអាទិត្យ។
យោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ អតិថិជនប្រើប្រាស់អគ្គិសនីប្រហែល៥សែននាក់បានប្រឈមការដាច់ចរន្តអគ្គិសនីដោយសារតែអាកាសធាតុនៅតំបន់ Midwest និងនៅភាគខាងត្បូង សហរដ្ឋអាមេរិក៕