ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានធ្វើឲ្យទឹកទន្លេនៃប្រទេសឈីលីឡើងខ្ពស់ រហូតបង្កទៅជាទឹកជំនន់បិទផ្លូវ និងបង្ខំឲ្យមានការជម្លៀសចេញនៅតំបន់ភាគកណ្តាលប្រទេស ដែលនេះជាអ្វីដែលត្រូវបានគេចាត់ទុកថា ជាការប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍។

រូបភាព ដែលថតពីលើអាកាស បានបង្ហាញឲ្យឃើញពីភូមិ លំនៅឋាន និងដំណាំផ្សេងៗ នៅភាគកណ្តាលនៃប្រទេសឈីលី បានលិចបាត់ក្នុងទឹកជំនន់ ដោយអ្នកស្រុក និងលំនៅឋានជាច្រើនខ្នង ត្រូវជាប់នៅក្នុងផលវិបាកដែលបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ដំណាក់ដំបូងនេះ មានការរាយការណ៍ថា មនុស្សពីរនាក់ បានស្លាប់ ក្នុងគ្រោះទឹកជំនន់នេះ ខណៈ ៣នាក់ទៀត បាត់ខ្លួន ហើយអ្នកស្រុកជាង ៤០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ការបិទផ្លូវ និងទឹកជំនន់ដ៏ធំនេះ បានជំរុញឲ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះ ដោយប្រើឧទ្ធម្ភាគចក្រ និងទូកជាច្រើនគ្រឿង ហើយជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចប្រកាសតំបន់គ្រោះមហន្តរាយពីតំបន់ Valparaiso ទៅតំបន់ BioBio។
បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យអាកាសធាតុមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយភ្លៀងធ្លាក់ នៅប្រទេសឈីលីនេះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីមានចំហេះព្រៃ ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានបំផ្លាញលំនៅឋានរាប់រយខ្នង និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ បាត់បង់ជីវិត៕

