កាតេម៉ាឡា៖ យោងតាមលទ្ធផលបឋម កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) បានបង្ហាញថា អ្នកបោះឆ្នោតកាតេម៉ាឡា បានបញ្ជូនបេក្ខជនប្រធានាធិបតី ២រូប មកពីភាគីបដិបក្ខដែលមានទស្សន:នយោបាយខុសគ្នាទៅកាន់ការបោះឆ្នោត នៅថ្ងៃទី២០ ខែសីហា ដោយផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋជាច្រើនដែលកំពុងមានការខកចិត្តថា ការផ្លាស់ប្តូរ នឹងអាចកើតឡើងបាន។

តុលាការកំពូលនៃការបោះឆ្នោត បានឲ្យដឹងថា ជាមួយនឹងចំនួន ៩៨ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៥ ខែមិថុនា) បានបង្ហាញថា អតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សអភិរក្ស (UNE) ទទួលបានសំឡេងឆ្នោត ១៥,៧ភាគរយ ហើយលោក Bernardo Arévalo របស់គណបក្សឆ្វេងនិយម «Seed Movement» (ចលនាគ្រាប់ពូជ) មានការគាំទ្រ ១១,៨ភាគរយ។
ការបោះឆ្នោត ដែលត្រូវបានរួបរឹតដោយកង្វល់អំពីអំពើពុករលួយ នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ ត្រូវបានកំណត់សម្រាប់ជុំទី២ នៅថ្ងៃទី២០ ខែសីហា ដោយសារគ្មានបេក្ខជនណាម្នាក់ឈានជិតដល់ជ័យជម្នះ ៥០ភាគរយបូកមួយ ដែលត្រូវការជាចាំបាច់ ដើម្បីទទួលបានជោគជ័យដោយសំឡេងភាគច្រើនលើសលុប។
សម្រាប់ការបោះឆ្នោតនេះ លោក Arevalo ដែលជាអតីតអ្នកការទូត និងជាកូនប្រុសរបស់អតីតប្រធានាធិបតី Juan Jose Arevalo (វ៉ាន់ ហូសេ ឣារ៉េវ៉ាឡូ) គឺជាអ្នកទទួលបានសំឡេងគាំទ្រដ៏គួរភ្ញាក់ផ្អើល ដោយការស្ទង់មតិពីការបោះឆ្នោតមិនបានព្យាករថា រូបលោកនឹងមិនទទួលបានជោគជ័យនោះទេ។ លោក Arevalo បានយកការដោះស្រាយអំពើពុករលួយជាអាទិភាពដ៏សំខាន់៕


