រុស្ស៊ី៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្សីលោក Yevgeny Prigozhin បាននិយាយរិះគន់កាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីលោកនិងក្រុមអ្នកប្រយុទ្ធរបស់ក្រុមហ៊ុន Wagner Group របស់លោកបានចាប់ផ្តើមការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលនិងមានរយៈពេលខ្លី នៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍។ លោក Prigozhin បានចេញសេចក្តីថ្លែងការណ៍ជាសាសំឡេងដ៏វែងនៅលើបណ្តាញ Telegram ដោយការពារសកម្មភាពរបស់លោក ទោះបីជាមានសំណួរជាច្រើននៅតែមាន រួមទាំងស្ថានភាព និងអនាគតរបស់លោកក៏ដោយ។ នេះជាលើកចុងក្រោយ ដែលលោក Prigozhin ត្រូវបានគេឃើញដោយផ្ទាល់ ខណៈលោក និងក្រុមអ្នកប្រយុទ្ធរបស់លោក បានចាកចេញពីទីក្រុងរុស្ស៊ីដែលពួកគេបានចូលគ្រប់គ្រង ទីក្រុងRostov-on-Don កាលពីយប់ថ្ងៃសៅរ៍។ នៅក្នុងសារសំឡេងរយៈពេល ១១ នាទី លោក Prigozhin និយាយថា លោកគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ ដោយអះអាងថា ចំណាត់ការនេះគឺដើម្បីតវ៉ាជុំវិញការដោះស្រាយរបស់យោធាក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនិយាយឡើងវិញពីការចោទប្រកាន់របស់លោកថាយោធារុស្ស៊ីបានវាយប្រហារលើជំរំក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយមីស៊ីល និងឧទ្ធម្ភាគចក្រ បណ្តាលឲ្យទាហានរបស់លោកប្រមាណ ៣០នាក់ស្លាប់ ជាការបង្កឲ្យមានការរុញបញ្ឆេះការប៉ះបោរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកំពុងរាយការណ៍ថាសំណុំរឿងព្រហ្មទណ្ឌលើរូបលោក នៅតែបើកចំហ។

ទោះបីជាមានសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងកាលពីចុងសប្តាហ៍ក៍ដោយ ដែលការចោទប្រកាន់លើអ្នកចូលរួមក្នុងការបះបោរនឹងត្រូវបានដកចេញនៅក្នុងកិច្ចព្រមព្រៀងដែលពួកគេនឹងត្រឡប់ទៅមូលដ្ឋានវិញហើយលោក Prigozhin ផ្លាស់ទៅកាន់ប្រទេសបេឡារុស។ លោក Prigozhin ក៏មិនឆ្លើយសំណួរអ្វីផ្សេងទៀតជុំវិញកិច្ចព្រមព្រៀងនោះ ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតី បេឡារុស លោក Alexander Lukashenko។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានអរគុណដល់ក្រុមអ្នកប្រយុទ្ធដែលបានទម្លាក់អាវុធចុះដើម្បីបញ្ចៀសការបង្ហូរឈាម។ លោកនឹងគោរពការសន្យាដែលអនុញ្ញាតឱ្យពួកគេផ្លាស់ទីតាំងទៅកាន់ប្រទេសបេឡារុស ដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រសួងការពារជាតិ ឬគ្រាន់តែត្រឡប់ទៅលំនៅឋានវិញ៕
