អេស្ប៉ាញ៖ រលកកម្តៅដំបូងក្នុងឆ្នាំនេះនៅប្រទេសអេស្ប៉ាញ បង្ខំឲ្យអ្នកថែសួននៅទីក្រុង Madridឈប់ធ្វើការមុនម៉ោងធម្មតាកាលពីថ្ងៃចន្ទម្សិលមិញ ហើយក្មេងៗ ព្យាយាមគេចចេញពីកម្តៅព្រះអាទិត្យដ៏ក្តៅនេះ ដោយនាំគ្នានៅខាងក្រោមកន្លែងទឹកបាញ់ ។

រលកកម្តៅនេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ថ្ងៃពុធ មិនត្រឹមតែនៅក្នុងតំបន់សហគមន៍ Andalusia មួយប៉ុណ្ណោះទេ ប៉ុន្តែនៅទីក្រុង Madrid តំបន់សហគមន៍ Extremadura និងតំបន់សហគមន៍ Castilla-La Mancha ផងដែរ ជាទីដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ឬ ៤២អស្សាសេរ ។ វាពិតជាក្តៅខ្លាំងណាស់ ។
អ្នកស្រី Elvira Martinez គឺជាពលរដ្ឋមួយរូបវ័យ ២៧ឆ្នាំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈពេលដែលកូនៗរបស់គាត់លេងសប្បាយលើឆ្នេរទីក្រុង Madrid ដែលមានទឹកបាញ់ជាច្រើននៅតាមដងទន្លេ Manzanares ថា ក្មេងៗមកទីនេះ ដើម្បីឲ្យត្រជាក់ខ្លួន ដោយសារនៅផ្ទះ ពួកគេមិនអាចទ្រាំបាននោះទេ ។

គួរឲ្យដឹងថា រលកកម្តៅនៅក្នុងខែមិថុនា បានកើតឡើងញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការឡើងសីតុណ្ហភាព ដែលក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញអាកាសធាតុ សន្និដ្ឋានថាបណ្តាលមកពីសកម្មភាពរបស់មនុស្ស ។
លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមជាតិ (AEMET)បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងព្រឹត្តការណ៍ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Teresa Ribera ថា កាលពីរយៈពេលជាង ១០ឆ្នាំមុន រលកកម្តៅពុំដែលកើតមានញឹកញាប់បែបនេះទាល់តែសោះ ប៉ុន្តែនៅក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ ភាពញឹកញាប់នៃរលកកម្តៅក្នុងខែមិថុនា បានកើនឡើងបីដង ៕
