ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្រ្វិកមួយចំនួន បានអំពាវនាវឱ្យមានការការពារបន្ថែមទៀតសម្រាប់ជនអន្តោប្រវេសន៍ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បន្ទាប់ពីទូកលិចនៅឆ្នេរសមុទ្រប្រទេសក្រិក។ មនុស្សយ៉ាងហោចណាស់ ៨២ នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវបានគេគិតថា ស្លាប់នៅក្នុងឧបទ្ទវហេតុលិចទូកកាលពីថ្ងៃទី ១២-១៣ ខែមិថុនា នៅតាមផ្លូវនៃការធ្វើអន្តោប្រវេសន៍បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតរបស់ពិភពលោកមកពីប្រទេសលីប៊ីទៅកាន់ប្រទេសអ៊ីតាលី។ ប្រទេសប៉ាគីស្ថាន ដែលមានជនជាតិរបស់ខ្លួនចំនួន ៣៥០នាក់ នៅលើទូកដែលបានក្រឡាប់លិច បាននិយាយថាឧបទ្ទវហេតុនេះគឺជា «ការរំលឹកឡើងវិញពីភាពដ៏រន្ធត់នៃការខ្វះចន្លោះការការពារ» ។

ឯកអគ្គរដ្ឋទូតរងអចិន្ត្រៃយ៍របស់ប្រទេសប៉ាគីស្ថាន លោក Zaman Mehdi បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ៤៧ រូបថា «ការបាត់បង់មនុស្សក្នុងស្ថានភាពជាក់ស្តែងបែបនេះ គឺមិនអាចទទួលយកបានទេ» ។ «ការខ្វះចន្លោះនៃការចែករំលែកការទទួលខុសត្រូវ ការរៀបចំសម្រាប់ការស្វែងរក និងជួយសង្គ្រោះប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ការមកដល់របស់មនុស្សទាំងឣស់នៅលើទូក ត្រូវបានជួយសង្គ្រោះនៅសមុទ្រ និងការទទួលខុសត្រូវ ត្រូវតែដាក់ចូលរួមក្នុងស្មារតីនៃសាមគ្គីភាព។ បេសកជនរបស់ប្រទេសហ្កំប៊ី ជាប្រទេសដែលជនអន្តោប្រវេសន៍ជាច្រើនចេញដំណើរក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្ពោះទៅកាន់អឺរ៉ុប បាននិយាយថា បញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។

លោក Felipe Gonzalez Morales អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការធ្វើអន្តោប្រវេសន៍បានអំពាវនាវឱ្យរដ្ឋនានាបញ្ចប់ការដាក់ទោសទណ្ឌលើជនអន្តោប្រវេសន៍មិនទៀងទាត់ និងស្វែងរកផ្លូវទៀងទាត់សម្រាប់ពួកគេ។ លោក បាននិយាយឡើងវិញនូវការអំពាវនាវដែលធ្វើឡើងដោយអង្គការមិនមែនរដ្ឋាភិបាលរាប់រយសម្រាប់ស្ថាប័នសិទ្ធិមនុស្សដើម្បីបង្កើតស្ថាប័នស៊ើបអង្កេតអន្តរជាតិថ្មីមួយ ដោយពិនិត្យមើលការរំលោភបំពានសិទ្ធិមនុស្សដែលបានប្រព្រឹត្តលើជនអន្តោប្រវេសន៍។ គំនិតនេះកំពុងត្រូវបានពិភាក្សាជាផ្នែកនៃសម័យប្រជុំក្រុមប្រឹក្សាដែលកំពុងធ្វើឡើងនៅទីក្រុងហ្សឺណែវ៕