អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបាននិយាយកាលពីថ្ងៃចន្ទថា ករណីជំងឺគ្រុនចាញ់ចំនួន៥ករណី ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Florida និងរដ្ឋ Texas ជាលើកដំបូងដែលជំងឺចម្លងដោយសត្វមូសអាចបណ្តាលឱ្យស្លាប់ត្រូវបានគេរកឃើញក្នុងតំបន់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ២០ឆ្នាំមកនេះ។

ទីភ្នាក់ងារនេះ បាននិយាយថា ករណីចំនួនបួនករណីនៅក្នុងរដ្ឋ Florida រួមជាមួយនឹង១ករណីទៀតនៅរដ្ឋតិចសាស់ ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យឃើញក្នុងរយៈពេលពីរខែ។
រដ្ឋ Florida បាននិយាយថា ករណីលើកដំបូងរបស់ខ្លួនត្រូវបានពិនិត្យរោគវិនិច្ឆ័យកាលពីថ្ងៃទី ២៦ ខែឧសភានៅតំបន់ Sarasota ខណៈក្រុមមន្រ្តីនៅរដ្ឋតិចសាស់ បាននិយាយនៅថ្ងៃទី ២៣ ខែមិថុនាថាពលរដ្ឋនៅរដ្ឋតិចសាស់ម្នាក់ដែលធ្វើការនៅខាងក្រៅនៅតំបន់ Cameron ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យថាមានជំងឺនេះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយនៅក្នុងការព្រមានមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា ជំងឺគ្រុនចាញ់ត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត ហើយអ្នកដែលមានរោគសញ្ញាគួរតែត្រូវបានវាយតម្លៃជាបន្ទាន់។
ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បាននិយាយថា ហានិភ័យនៃជំងឺគ្រុនចាញ់ នៅតែមានកម្រិតទាបនៅក្នុងសហរដ្ឋអាមេរិក ហើយករណីភាគច្រើនត្រូវបានកើតឡើងនៅពេលដែលមនុស្សធ្វើដំណើរទៅក្រៅប្រទេស។ ទីភ្នាក់ងារសុខាភិបាលបាននិយាយថា ៩៥ ភាគរយនៃករណីឆ្លងមេរោគគ្រុនចាញ់ត្រូវបានឆ្លងនៅក្នុងទ្វីបអាហ្រ្វិក៕