
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវជាថ្មីដល់ពលរដ្ឋ ឱ្យរួបរួមគ្នាថែរក្សាសន្តិភាព ដើម្បីធានាការដល់ការអភិវឌ្ឍរីកចម្រើនរយៈពេលវែង ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជាថ្មីបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ បានថ្លែងលើកឡើងថា ការរួមគ្នារក្សា សន្តិភាព នឹងបន្តនិរន្តរភាពនៃការអភិវឌ្ឍរីកចម្រើនទៅពេលខាងមុខ ហើយសម្តេច បានព្រមានជាថ្មីថា នឹង មិនអត់ឱនឱ្យអ្នកណាទាំងអស់ដែលមានបំណងបំផ្លាញសន្តិភាព ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវនយោបាយជ្រុលនិយម ដែលសម្ដេចនឹងមិនអត់ឱនឱ្យ ជាដាច់ខាត ជាពិសេសជនក្បត់ជាតិ៣ជំនាន់ដោយសម្តេច បានអះអាងថា នឹងរំលាយឱ្យអស់ ដូចអង្គការចាត់តាំងខ្មែរក្រហមយ៉ាងដូច្នោះដែរ ។ ដូច្នេះអ្នកណាក៏ដោយ ឲ្យតែមានជាប់ទំនាក់ទំនងចង សម្ព័ន្ធភាពជាមួយក្រុមជ្រុលនិយម មិនទទួលបានការរាប់រក ឬអត់ឱនឱ្យបានពីសម្ដេចឡើយ ៕អត្ថបទ៖ មុត សុទ្ធ