
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវមោទនភាពជាមួយ នឹងគោលនយោបាយដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលនាំមកនូវការរីកចម្រើនជាច្រើន ខណៈដែលគោល យោបាយរបស់ពួកប្រឆាំងជានយោបាយកញ្ឆក់កណ្តៀត។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ជិត២ម៉ឺននាក់នៅក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧មិថុនានេះ សម្តេចតេជោ បានរម្លឹកលើកឡើងពីការដែលគេធ្លាប់រិះគន់ពីក្រុមអ្នកនយោបាយមួយចំនួនដែលរិះគន់ថា សម្ដេចបណ្តែតបណ្តោយឲ្យពលរដ្ឋអ្នករស់នៅតាមផ្លូវជាតិលេខ៤ ជាពិសេសអ្នកខេត្តកំពង់ស្ពឺ លក់ដី នាំឱ្យបាត់បង់ដីស្រែសម្រាប់បង្កបង្កើនផល តែឥឡូវនេះលើការជាក់ស្តែងសម្តេច មានមោទនភាពណាស់ដែលខេត្តកំពង់ស្ពឺនិយាយដោយឡែក និងជារួមកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន។
គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ៕
អត្ថបទ៖ មុត សុទ្ធ