
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវជាថ្មីទៅកាន់កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ឱ្យហ៊ានប្រឆាំតបនឹងអ្នកទាំងឡាយណា ដែលតែងតែប្រាប់បរទេសមិនឲ្យទិញផលិផលពីប្រទេសកម្ពុជា ព្រោះទង្វើរនេះ ជាការបំបែកនូវឆ្នាំងបាយរបស់កម្មករ ។
ក្នុងពិធីបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រ សហគ្រាសក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បក្សប្រឆាំងនៅប្រទេសគេ ខុសពីបក្សប្រឆាំងនៅកម្ពុជា គឺអ្នកប្រឆាំងនៅកម្ពុជាមានចរិកអាក្រក់ បំផ្លាញជាតិ គឺពួកនោះបានអំពាវនាវដល់បរទេសដាក់ទណ្ឌកម្ម កុំទិញផលិតផល និងកុំមកធ្វើការវិនិយោគនៅកម្ពុជាជាដើម ។
សម្ដេចតេជោ បានបន្តថា ទង្វើររបស់ពួកប្រឆាំងនេះ កម្មករ កម្មការិនី ត្រូវហ៊ានប្រតិកម្ម ថ្កោលទោស ហើយចង្អុលមុខពួកគេ ព្រោះថា បើសិនរោងចក្រ សហគ្រាស បិទទ្វារមែននោះ គឺមានតែកម្មករមុនគេ ដែលត្រូវរងគ្រោះអត់ការងារធ្វើ ប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្រុមមនុស្សចង្រៃទាំងអស់នោះ មិនត្រឹមតែអំពាវនាវដល់បរទេសដាក់ទណ្ឌកម្មដល់កម្ពុជានោះទេ ជនទាំងនោះ ក៏បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរមកជួបសម្ដេច ជាក់ស្ដែងករណីអតីតព្រះសង្ឃ សាន សុជា ពួកគេបានរិះគន់វាយប្រហារលើរូបគាត់ ដែលមកជួបសម្ដេច ហើយគាត់បានវាយបកទៅវិញផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ