ឥណ្ឌា៖ អាកាសធាតុក្តៅហួតហែង បន្តកើតមាននៅតាមតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌា ក្នុងនោះក្រុមធុរកិច្ច និងក្រុមអាជីវករលក់ដូរតាមផ្លូវ មើលឃើញប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលអតិថិជន លែងសូវចេញក្រៅ ដោយសារតែរលកកម្តៅក្តៅខ្លាំងពេក ។

នៅទូទាំងប្រទេសឥណ្ឌា សីតុណ្ហភាពអតិបរមា បានឡើងដល់ចន្លោះពី ៤២ ដល់ ៤៥អង្សាសេ យ៉ាងហោចណាស់នៅតាមរដ្ឋចំនួន៥ កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ។ នេះបើយោងតាមការអះអាងរបស់នាយកដ្ឋានឧតុនិយមឥណ្ឌា ។
ក្រុមមន្រ្តីក្នុងស្រុក និយាយថា រដ្ឋភាគខាងជើង Bihar និង Uttar Pradesh ប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ខណៈដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងរដ្ឋទាំង២នេះ បានកើនឡើងដល់ ៩៨នាក់ អំឡុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ។

ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃរយៈពេលយូរ ដែលរួមទាំងជំងឺបេះដូង ឬជំងឺសួត ទឹកនោមផ្អែម និងជំងឺគ្រួសក្នុងតម្រងនោម រងផលប៉ះពាល់ទាំងអស់ដោយសារតែរលកកម្តៅដ៏អាក្រក់នេះ ។
ដោយឡែក អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងមនុស្សចាស់ និងអ្នកដែលប្រើថ្នាំតាមវេជ្ជបញ្ជាធ្វើឱ្យខូចសមត្ថភាពរាងកាយដើម្បីគ្រប់គ្រងសីតុណ្ហភាព មានហានិភ័យកើនឡើង នៅក្នុងសីតុណ្ហភាពដ៏ក្តៅបែបនេះ ។
ក្រុមគ្រូពេទ្យក្នុងស្រុកនៅទីក្រុង Patna រដ្ឋ Bihar និយាយថា ពួកគេពុំធ្លាប់ដែលមើលឃើញរលកកម្តៅដ៏ធ្ងន់ធ្ងរបែបនេះនោះទេ ។
លោក Deepak Kumar គឺជាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Patna Medical College and Hospital (PMCH) និយាយថា លោកពុំធ្លាប់ដែលជួបអាការៈសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្តៅខ្លាំងបែបហ្នឹងឡើយ ពីព្រោះថាមានមនុស្សច្រើនណាស់ បានស្លាប់ក្នុងរយៈពេល ៣-៤ថ្ងៃមុន ហើយលោកគិតថា មនុស្សប្រហែល ១០០នាក់ នឹងរងគ្រោះឥឡូវនេះនៅក្នុងមន្ទីរពេទ្យ PMCH របស់លោក ៕