
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស មិនមែនជាការឃោសនារកសំឡេងឆ្នោតនោះទេ តែគឺជាការស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តនូវអនុសាសន៍ទាំងឡើងដែលសម្ដេចបានដាក់ចេញ ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាស ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅមុនពេលការបោះឆ្នោត សម្ដេចនៅបន្តជួបជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ ហើយបន្ទាប់ពីបោះឆ្នោតរួច គឺចាប់ពីថ្ងៃទី២៧ នឹងចុះជួបនៅ១០គោលដៅទៀត ។
សម្ដេចតេជោ បានបន្តថា ការជួបសំណេះសំណាលនេះ មិនមែនជាការជួបជុំស្វែងរកសន្លឹកឆ្នោតនោះទេ អ្វីដែលចង់ដឹង គឺតាក់តែងគោលនយោបាយ ដោះស្រាយបញ្ហាទាំងឡាយ ដែលរាជរដ្ឋាភិបាលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា ការជួបសំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ជុំទី២នេះ បានចំនួនជាង ១០ដងហើយ ដែលមានកម្មករជាច្រើនម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ។ ក្នុងការជួបជុំនេះ សម្ដេចតេជោ បានប្រកាសផ្ដល់នូវអត្ថប្រយោជន៍ នៃគោលនយោបាយជាច្រើនទៅដល់កម្មករ កម្មការិនី ពិសេសគោលនយោបាយ ការគាំពារមាតា និងទារក ៕ អត្ថបទ បាន សុខរិទ្ធិ