ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុនចំនួន ១៩ នៅក្នុងផ្សារមូលបត្រកម្ពុជា បានគៀងគរទុនពីទីផ្សារប្រមាណជាង ៣០០ លានដុល្លារអាមេរិក និងរំពឹងថា នៅក្នុងបំណាចឆ្នាំនេះ និងមានក្រុមហ៊ុនជាច្រើន នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណ បន្ថែម ទៀត។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុងពិធីចុះបញ្ជីផ្លូវ ការរបស់ក្រុមហ៊ុន ខេម ជីអេសអេម ម.ក នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា បច្ចុប្បន្ន មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៩ ក្នុងក្រុមហ៊ុនចំនួន ១០ ចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន ៩ ផ្សេងទៀត បានចុះបញ្ជីជាសញ្ញាប័ណ្ណ ដោយក្រុមហ៊ុនទាំង ១៩ បានគៀងគរទុនពីទីផ្សារបានក្នុងរង្វង់ប្រមាណជាង ៣០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។
ឯកឧត្តម បន្តថា ផ្សារមូល បត្រកម្ពុជាមានក្តីរំពឹងថា នៅក្នុងដំណាច់ឆ្នាំ ២០២៣ នេះ នឹងអាចទទួលបានក្រុមហ៊ុនជាច្រើន នឹងធ្វើការបោះផ្សារសញ្ញាប័ណ្ណបន្ថែម ទៀត ជាពិសេសក្រុមហ៊ុនដែលគ្រោងបោះផ្សាយសញ្ញាប័ណ្ណ។
ជុំវិញនឹងការកើនឡើងនៃក្រុមហ៊ុនចុះបញ្ជី ចំពោះសកម្មភាពជួញដូរនៃផ្សារមូលបត្រកម្ពុជា ក៏មានការកើនឡើងគួរឲ្យកត់ សម្គាល់ ទោះជាស្ថានភាពជំងឺកូវីដ ១៩ នាពេលកន្លងមក បានរំខានយ៉ាងណាក៏ដោយ តែទីផ្សារមូលបត្រកម្ពុជានៅតែកើនឡើងជាលំដាប់ ។
ឯកឧត្តម ហុង សុហួរ បន្តលើកឡើងថា ជាក់ស្តែងក្នុងឆ្នាំនេះ ទោះជាការជួញដូរទាបជាង តែសកម្មភាពវិញ គឺមានការកើនឡើង ក្នុងនោះវិនិយោគិនតូចៗ មានការជួញដូរជាប្រចាំច្រើនជាងឆ្នាំកន្លងមក ហើយការបើកគណនេយ្យជួយដូរប្រចាំថ្ងៃ ក៏មានការកើន ឡើងច្រើនផងដែរ ដែលសកម្មភាពទាំងអស់នេះ បានផ្តល់នូវក្តីរំពឹងថា សម្រាប់ពេលខាងមុខ ទីផ្សារមូលបត្រកម្ពុជានឹងកើនឡើងកាន់តែខ្លាំង ដែលកម្មភាពនេះផ្សារមូលបត្រកម្ពុជាមានមហិច្ឆតា នៅឆ្នាំ ២០៣០ នឹងមានការជួញដូរដល់ ១០០ លានដុល្លារ ក្នុងមួយថ្ងៃ ៕អត្ថបទ៖ សុន រ៉ាឌី