ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយនៅក្នុងលិខិតផ្ទៃក្នុងមួយទៅកាន់និយោជិកថា ក្រុមហ៊ុន ស្តារបាក់ស៍ គ្រោងនឹងចេញគោលការណ៍ណែនាំជាកណ្តាល "ច្បាស់ជាងមុន" មួយចំនួនសម្រាប់ការដាក់បង្ហាញរូបភាពនៅក្នុងហាង បន្ទាប់ពីមានការចោទប្រកាន់របស់សហជីពដែលថាអ្នកគ្រប់គ្រងបានហាមឃាត់ការតុបតែងបែបពណ៌ឥន្ទធនូ ដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

លិខិតនេះធ្វើឡើង បន្ទាប់ពីសហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេ របស់សមាគមន៍ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេមួយនេះបានចោទប្រកាន់ថា អ្នកគ្រប់គ្រងនៅទីតាំងហាងកាហ្វេ ស្តារបាក់ស៍ រាប់សិបកន្លែងបានរារាំងបុគ្គលិកមិនឱ្យដំឡើងទង់ និងការតុបតែងសម្រាប់ទិវានៃខែឥន្ទធនូ ឬបានដកការតុបតែងទាំងនោះចេញ។ ក្រុមហ៊ុនកាហ្វេយក្សមួយនេះបានជំទាស់នឹងការចោទប្រកាន់ទាំងនេះ។
សហជីពបាននិយាយកាលពីថ្ងៃសុក្រថា កម្មករជាង៣.០០០នាក់នៅហាងហាងកាហ្វេ ស្តារបាក់ស៍ ជាង១៥០ទីតាំងនៅសហរដ្ឋអាមេរិកនឹងដើរចេញពីការងារជុំវិញបញ្ហានេះ។
ក្រុមហ៊ុន ស្តារបាក់ស៍ ក៏បានដាក់ពាក្យបណ្តឹងចំនួនពីរករណីប្រឆាំងនឹងសហជីពកម្មករទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថាសហជីពនោះបានធ្វើការអះអាងខុសលើគោលការណ៍ណែនាំការតុបតែងនៅក្នុងហាងរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ការថែទាំដែលបញ្ជាក់ពីសមភាពយេនឌ័រ។

ស្លាកយីហោលក់រាយរបស់សហរដ្ឋអាមេរិកជាច្រើន បានប្រឈមមុខនឹងការរិះគន់ពីអ្នកអភិរក្សជុំវិញការការបង្ហាញទំនិញដែលមានការតុបតែងពណ៌ឥន្ទធនូដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) ក៏ដូចជាការរិះគន់ពីក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាចំពោះការគាំទ្រមិនគ្រប់គ្រាន់សម្រាប់សហគមន៍៕