រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក បន្ទាប់ពីការខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា កាលពីថ្មីៗ ។
ពិធីប្រគល់ប្រាក់រង្វាន់នេះ រៀបចំឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីប្រគល់ប្រាក់រង្វាន់ជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងការពារជាតិ ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រយ៍ នៃគណៈកម្មាធិការជាតិ CAMSOC និង CAMAPGOC ដោយទទួលបានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមមានមេដាយមាស ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ។ រីឯគ្រូបង្គោល ទទួលបានដូចកីឡាករមេដាយខ្ពស់បំផុតរបស់ខ្លួន ហើយគ្រូជំនួយក៏ទទួលបាន ៧០% នៃគ្រូបង្គោលដែរ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥-១៧ ខែឧសភាថ្មីៗ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៤ ។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង រួមមានមេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៤គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ។
ផ្នែកតាមអនុក្រឹត្រ និងសមិទ្ធផល ដែលអត្តពលិកកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺរាជរដ្ឋាភិបាល បានចំណាយថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក ដែលត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាននាំយកមកប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
ក្នុងនោះមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ៥៩៨នាក់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ តែមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកូនខ្មែរនៅក្រៅប្រទេសចំនួន ៨៦នាក់ ស្មើនឹងទឹកប្រាក់ ៣,៩៣៥,០០០រៀល ត្រូវបានបើកជូនមុន ពេលចាកចេញពីកម្ពុជា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ៕ អត្ថបទ៖ លី ឈុនឡា














