អុីស្រាអែល ៖ រដ្ឋាភិបាលសាសនាជាតិនិយមរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តការសាងសង់លំនៅឋាន
បន្ថែមប្រមាណ ៥.៧០០ ខ្នងកាលពីថ្ងៃចន្ទ សម្រាប់អ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់គ្រប់គ្រង West Bank ទោះបីជាមានសម្ពាធរបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការពង្រីកការតាំងទីលំនៅដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថាជាឧបសគ្គចំពោះសន្តិភាពជាមួយដែនដីប៉ាឡេស្ទីនក៏ដោយ។ ផែនការសម្រាប់ការអនុម័តនៃលំនៅឋាននៅក្នុងតំបន់ផ្សេងៗនៃតំបន់ West Bank ត្រូវបានអនុម័តដោយក្រុមប្រឹក្សាផែនការជាន់ខ្ពស់របស់ប្រទេសអ៊ីស្រាអែល។ ការអនុម័តចុងក្រោយត្រូវបានផ្តល់ឱ្យ ៨១៨ខ្នងផ្ទះ រួមទាំងខណៈលំនៅឋានផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលផ្សេងគ្នានៃការអនុម័ត។ មេដឹកនាំអ្នកតាំងលំនៅជនជាតិជ្វីហ្វបានសាទរសេចក្តីសម្រេចនេះ។ ប្រទេសភាគច្រើនចាត់ទុកការតាំងទីលំនៅដែលបានសាងសង់នៅលើទឹកដីដែលអ៊ីស្រាអែលដណ្តើមយកនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ ១៩៦៧ ថាខុសច្បាប់។ វត្តមានការតាំងលំនៅទាំងនេះគឺជាបញ្ហាមូលដ្ឋានមួយក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប៉ាឡេស្ទីន ព្យាយាមបង្កើតរដ្ឋឯករាជ្យមួយនៅតំបន់ West Bank និងតំបន់ Gaza ដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។ អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលបានលើកឡើងពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ជនជាតិជ្វីហ្វចំពោះទឹកដីនេះ។ ការចរចាសន្តិភាពដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក បានជាប់គាំងតាំងពីឆ្នាំ ២០១៤មក។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា គណបក្សចម្រុះរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានអនុម័តលើ
យុទ្ធនាការជំរុញសាងសង់លំនៅឋានថ្មីជាង ៧,០០០ខ្នងផ្ទះ ដែលភាគច្រើនចូលជ្រៅខ្លាំងនៅតំបន់ West Bank ។ អង្គការឃ្លាំមើលការតាំងទីលំនៅឋាន Peace Now បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញពួកយើងក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ឆ្ពោះទៅរកការដាក់បញ្ចូលឧបសម្ព័ន្ធពេញលេញនៃតំបន់ West Bank។ ការកើនឡើងអំពើហិង្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះនៅតំបន់ West Bank រួមមានការផ្ទុះឡើងដោយអ្នកតាំងលំនៅអ៊ីស្រាអែលជាច្រើននាក់នៅទីក្រុង និងភូមិនានារបស់ប៉ាឡេស្ទីន ដែលធ្វើឲ្យមានការថ្កោលទោសជាអន្តរជាតិ និងការព្រួយបារម្ភពីសេតវិមាន។