ថៃ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីឈានមុខគេរបស់ប្រទេសថៃ លោក Pita Limjaroenrat បាននិយាយ នៅថ្ងៃអង្គារ(ទី២៧ ខែមិថុនា) នេះ ថា រូបលោកមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ខ្ពស់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ ដែលការលើកឡើងនេះ កើតមានត្រឹមតែប៉ុន្មានថ្ងៃមុនសម័យប្រជុំដំបូងរបស់សភាថ្មី។
លោក Pita ដែលជាមេដឹកនាំនៃគណបក្សឆ្ពោះទៅមុខ (Move Forward) ប្រឈមនឹងមាគ៌ាមិនច្បាស់លាស់មួយ ក្នុងដំណើរឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រី បើទោះបីជាទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដែលឃើញថា ប្រជាជនថៃបដិសេធការគ្រប់គ្រងអស់រយៈពេលជិត ៩ឆ្នាំពីរដ្ឋាភិបាល ដែលគាំទ្រដោយពួកយោធា។
សម្ព័ន្ធភាពទាំង ៨គណបក្សរបស់លោក រួមគ្នាមានទាំងអស់ ៣១២អាសនៈ នៅក្នុងសភា ហើយតាមរដ្ឋធម្មនុញ្ញ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការអាសនៈយ៉ាងតិច ៣៧៦អាសនៈ នៅក្នុងការបូកបញ្ចូលគ្នានៃសភាទាំង២ ក្នុងនោះរួមទាំងសំឡេងសភាជាន់ខ្ពស់ ដែលមានសមាជិក ២៥០នាក់ ដែលភាគច្រើនត្រូវ បានជ្រើសរើសដោយពួកយោធា ពេលឡើងកាន់អំណាច ក្នុងឆ្នាំ២០១៤។
តែយ៉ាងណាក្ដី នៅពេលត្រូវបានសួរ នៅថ្ងៃអង្គារថា តើរូបលោកទទួលបានការគាំទ្រពីព្រឹទ្ធសភាក្នុងកម្រិតណាដែរ លោក Pita បានឆ្លើយថា៖ «ល្មមគ្រប់គ្រាន់ ដើម្បីឲ្យខ្ញុំក្លាយជានាយករដ្ឋមន្ត្រីបាន»។
ភាពស្រពិចស្របិលនៅតែបន្តមានថា តើលោក Pita ទទួលបានការគាំទ្រគ្រប់គ្រាន់ ឬអត់ បន្ទាប់ពីគណបក្សរបស់លោក បានធ្វើការស្នើដ៏ចម្រូងចម្រាស ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ។ បន្ទាប់ពីប្រជុំនៅថ្ងៃទី៣ ខែកក្កដា គេរំពឹងថា សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែកក្កដា៕

