ប្រេសុីល ៖ កាលពីថ្ងៃចន្ទម្សិលមិញប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានបង្ហាញទំនាក់ទំនងល្អស្អិតរមួត និងឆន្ទៈចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Fernandez ទៅកាន់រដ្ឋធានីប្រទេសប្រេស៊ីល ។
អំឡុងជំនួបដែលជាការប្រារព្ធខួប ២០០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ លោក Fernandez ទទួលបានមេដាយ Ordem Nacional do Cruzeiro do Sul ដែលជាមេដាយកិត្តិយសកម្រិតខ្ពស់បំផុតរបស់ប្រេស៊ីល ។
លោក Lula និងលោក Fernandezបានពិភាក្សាលើវិធីបន្តបង្កើតភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ ។
យោងតាមសម្តីរបស់លោក Lulaបានឲ្យដឹងថា អាហ្សង់ទីន គឺជាគោលដៅបឋមសម្រាប់ការនាំចេញប្រេស៊ីល ហេតុដូច្នេះហើយរដ្ឋាភិបាលរបស់លោកនឹងធ្វើការបង្កើតខ្សែឥណទាន ដើម្បីសម្រួលដល់កិច្ចការទាំងអស់នោះ ៕
