ចិន ៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយនៅថ្ងៃអង្គារនេះ ខណៈលោកបានជួបសមភាគីវៀតណាមថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងយោធារបស់ប្រទេសទាំងពីរ។
ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង លោក Li បាននិយាយថា ស្ថានភាពអន្តរជាតិមានភាពវឹកវរ និងប្រទាក់ប្រឡាគ្នា ហើយសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខបញ្ហាជាច្រើន។
លោក Li បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang (ផាន់ វ៉ាន់ សាង) ថា ចិន និងវៀតណាមគួរតែបន្តធ្វើការរួមដៃគ្នា និងរួបរួមយ៉ាងជិតស្និទ្ធក្នុងដំណើរថ្មីនៃសង្គមនិយម ការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ។ លោក Li បានប្រាប់លោក Phan ថា ទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំងពីរមានការវិវឌ្ឍនយ៉ាងល្អ ដោយលោកបាននិយាយថា យោធារបស់ប្រទេសចិនមានឆន្ទៈជំរុញទំនាក់ទំនងទៅរកកម្រិតថ្មីមួយ។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងពីរបានធ្វើឡើងបន្ទាប់ពីនាវា USS Ronald Reagan បានឈប់ចតនៅកំពង់ផែ Danang របស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ជាលើកទីបីដោយនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមវៀតណាម។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអាមេរិក កើតមានឡើងក្នុងពេលមានភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ដែលភាគច្រើនប្រទេសចិនបានអះអាងសិទ្ធ ខណៈប្រទេសមហាអំណាចទាំងពីរកំពុងជំរុញដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដែលសម្បូរថាមពល។

