អាមេរិក ៖ ការទូទាត់សំណងចំនួន ២៩០ លានដុល្លាររវាងធនាគារធំបំផុតរបស់អាមេរិក និងក្រុមអ្នកចោទប្រកាន់លោក Jeffery Epstein ត្រូវបានផ្តល់ការព្រមព្រៀងជាបឋមដោយចៅក្រមអាមេរិកកាលពីថ្ងៃចន្ទ។ ក្រុមស្ត្រីចោទប្រកាន់ទាំងនោះនិយាយថា លោក Epstein បានបំពានផ្លូវភេទលើពួកគេ ហើយថាក្រុមហ៊ុនហិរញ្ញវត្ថុ JPMorgan មិនបានអើពើលើការជួញដូរផ្លូវភេទរបស់អតីតហិរញ្ញិករូបនេះទេ។
ចៅក្រមប្រចាំតំបន់របស់តុលាការសហព័ន្ធសហរដ្ឋអាមេរិកលោក Jed Rakoff បាននិយាយថា "នេះគឺជាការដោះស្រាយដ៏ល្អមួយ" ។ លោក Rakoff បានយល់ព្រមលើការទូទាត់ស្រដៀងគ្នានេះចំនួន ៧៥ លានដុល្លារជុំវិញករណីលោក Epstein ពីធនាគារអាឡឺម៉ង់ Deutsche Bank (ដយឆ៍បែង) កាលពីដើមខែនេះ។ លោកបាននិយាយថា ទាំងនេះគឺជាសំណង "ដ៏ច្រើន" សម្រាប់ជនរងគ្រោះដោយសារលោក Epstein ទោះបីជាចំនួននេះមិនអាចទូទាត់សម្រាប់ការរំលោភបំពានដែលពួកគេទទួលរងក៏ដោយ។
បណ្តឹងរួមប្រឆាំងនឹងក្រុមហ៊ុនហិរញ្ញវត្ថុ JPMorgan បានចោទប្រកាន់ធនាគារនេះថាមិនអើពើនឹងសញ្ញាព្រមាននៃការរំលោភបំពានរបស់ហិរញ្ញិកដែលគួរឱ្យអាម៉ាស់រូបនេះ ហើយរក្សាទំនាក់ទំនងជាមួយលោក Epstein ជាយូរមកហើយ បន្ទាប់ពីលោកបានចាកចេញជាផ្លូវការក្នុងនាមជាអតិថិជន។
ធនាគារនេះបានបន្តរក្សាតំណែងរបស់លោក Epstein បន្ទាប់ពីលោកបានផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ទាក់ទងនឹងពេស្យាកម្មកាលពីឆ្នាំ ២០០៨ ហើយលោកត្រូវបានចុះបញ្ជីជាជនប្រព្រឹត្តល្មើសផ្លូវភេទ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន JPMorgan ប្រឈមនឹងបណ្តឹងមួយទៀតលើករណីលោក Epstein ពីប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក ជាទីដែលលោក Epstein កាន់កាប់កោះចំនួនពីរ ហើយលោកត្រូវបានចោទប្រកាន់ថាបានបំពានផ្លូវភេទជនរងគ្រោះនៅក្នុងវិមានរបស់ខ្លួន។
លោក Epstein បានស្លាប់នៅក្នុងពន្ធនាគារ Manhattan កាលពីឆ្នាំ២០១៩ ខណៈពេលដែលកំពុងរង់ចាំការកាត់ទោសពីបទជួញដូរផ្លូវភេទ។ ការស្លាប់របស់លោកត្រូវបានវិនិច្ឆ័យថាជាការធ្វើអត្តឃាតដោយក្រុមគ្រូពេទ្យកោសល្យវិច្ច័យ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

