ភ្នំពេញ៖ ក្រោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃនេះ កម្លាំងយោធា ត្រូវបានបញ្ជូនចេញទៅកាន់ខេត្តព្រំដែនជាប់វៀតណាម ដើម្បីទប់ទល់នឹងការជ្រៀតចូលរបស់កម្លាំង បច្ចាមិត្តមកក្នុងទឹកដីប្រទេសកម្ពុជា ។
ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បាន បញ្ចេញកម្លាំងទ័ព រួមជាមួយអាវុធ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យបញ្ចេញកម្លាំងយោធា និងបំពាក់អាវុធទំនើបៗផង ទៅកាន់ខេត្តជាប់តំបន់ភាគខាងកើតជាប់ព្រំដែនវៀតណាមជាបន្ទាន់ ដើម្បី ត្រៀមបាញ់កម្ទេចយន្តហោះរបស់បច្ចាមិត្ត ដែលហោះចូលមកក្នុងទឹកដីកម្ពុជា ។
សម្តេចតេជោ បានថ្លែងឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាច្រើន គ្រឿង បានហោះចូលទឹកដីខ្មែរ ជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី ខណៈសម្តេចដាក់ការសង្ស័យថា ដ្រូនទាំងនោះ អាចជារបស់ពួកបច្ចាមិត្ត ឬក្រុមឧទ្ទាម ដែលបានធ្វើសកម្មភាពវាយប្រហារអាជ្ញាធរវៀតណាម ហើយបានបាក់ទ័ពរត់ចូលទឹកដីកម្ពុជា នៅខេត្តតំបន់ខេត្តនេះ ។
សម្ដេចតេជោ បានចេញបទបញ្ជាឱ្យដាក់ពង្រាយកងកម្លាំង ដែលបញ្ជូនទៅ នេះឲ្យបានគ្រប់ច្រក ល្ហកទាំងអស់ សម្រាប់ទប់ទល់ នឹងការជ្រៀតចូលរបស់ពួកបច្ចាមិត្ត ៕អត្ថបទ៖ បាន ចក់











