ប្រេសុីល ៖ យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ផ្ទៃដីនៃព្រៃត្រូពិចទំហំប៉ុនប្រទេសស្វីសត្រូវបានបាត់បង់កាលពីឆ្នាំមុន ខណៈដែលការកាប់បំផ្លាញដើមឈើបានកើនឡើង។ ទិន្នន័យបង្ហាញថាការកាប់ព្រៃឈើត្រូពិចបានកើនឡើង ១០% កាលពីឆ្នាំ ២០២២ ទោះបីជាមានសេចក្ដីប្រកាសនៅក្នុងកិច្ចប្រជុំអាកាសធាតុ COP26 ក៏ដោយ។
គ្រាដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំអាកាសធាតុ COP26 កាលពីឆ្នាំ២០២១ មានមេដឹកនាំពិភពលោកជាង ១០០ រូបបានចុះហត្ថលេខាលើសេចក្តីប្រកាស Glasgow ស្តីពីព្រៃឈើ ដែលពួកគេប្តេជ្ញាធ្វើការរួមគ្នាដើម្បី "បញ្ឈប់ និងបំបាត់ការបាត់បង់ព្រៃឈើ ព្រមទាំងការរិចរិលដីនៅឆ្នាំ២០៣០" ។
ឥឡូវនេះការវិភាគថ្មីមួយដែលធ្វើឡើងដោយ អង្គភាពឃ្លាំមើលព្រៃឈើសកល បង្ហាញថាការសន្យាថ្មីដែលបានធ្វើឡើងនៅទីក្រុង Glasgow នោះមិនត្រូវបានគោរពទេ។ ការបាត់បង់ព្រៃឈើចំណាស់បឋមត្រូពិច ត្រូវបានគេមើលឃើញថាជាមូលហេតុចម្បងសម្រាប់ការឡើងកំដៅផែនដី និងបាត់បង់ជីវចម្រុះ។
ព្រៃជប់ភ្លៀងក្នុងប្រទេសប្រេស៊ីល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងឥណ្ឌូនេស៊ី បានស្រូបយកឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន។ ការឈូសឆាយ ឬដុតព្រៃចាស់ៗទាំងនេះ ត្រូវគេមើលឃើញថាបរិមាណឧស្ម័នកាបូនឌីអុកស៊ីតដែលបានរក្សាទុកបានបញ្ចេញទៅក្នុងបរិយាកាស ដែលជំរុញឱ្យសីតុណ្ហភាពនៅជុំវិញពិភពលោកកើនឡើង៕

