ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា មនុស្ស៧០នាក់ផ្សេងទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលជាសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ករណីឆ្លង ២៥នាក់ក្នុងចំណោមមនុស្សទាំង ៧០នាក់នោះ គឺជាកម្មករបម្រើការនៅរោងចក្រញូវស្ដារ ហើយករណីឆ្លង ២៤នាក់ទៀត ត្រូវបានរកឃើញនៅឯភូមិ៥ ស្ថិតក្នុងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវទៅដល់អ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ទាំង ៧០នាក់ខាងលើនេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យសុខភាព និងរក្សាខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯងផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ២១១៤១នាក់គិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក៕អត្ថបទ ៖ សុធី

