អតីតប្រធានក្រុមហ៊ុន Audi លោក Rupert Stadler ត្រូវបានតុលាការក្រុងមុយនិច (Munich) សម្រេចក្ដីឲ្យជាប់ទោសដោយការទោសព្យួររយៈពេល ១ឆ្នាំ និង ៩ខែ ពីបទក្លែងបន្លំដោយការធ្វេសប្រហែសក្នុងរឿងអាស្រូវប្រេងម៉ាស៊ូតឆ្នាំ២០១៥ ដោយការសម្រេចនេះ បានធ្វើឲ្យលោកក្លាយជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen ដំបូងគេ ដែលទទួលការកាត់ទោសបែបនេះ។
តុលាការបានឲ្យដឹងថា អតីតប្រធានរូបនេះ ត្រូវបានពិន័យជាប្រាក់ចំនួន ១,១លានអឺរ៉ូ (១,២០លានដុល្លារ) ដែលប្រាក់នេះនឹងត្រូវបញ្ជូនទៅកាន់រតនាគាររដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល។ ការជាប់ទោស គឺស្ថិតនៅក្នុងរយៈពេលដ៏ជាក់លាក់ចន្លោះពី ១ឆ្នាំកន្លះ ទៅ ២ឆ្នាំ ដែលចៅក្រមបាននិយាយថា អតីតនាយកប្រតិបត្តិរូបនេះ នឹងប្រឈមជាមួយនឹងរយៈពេលប៉ុណ្ណឹង ប្រសិនបើលោកព្រមសារភាពពីភាពមានទោស ចំពោះការចោទប្រកាន់។
មេធាវីរបស់លោក លោក Ulrike Thole-Groll បាននិយាយកាលពីខែឧសភាថា លោក Stadler មិនដឹងថាយានយន្តត្រូវបានក្លែងបន្លំ ហើយអ្នកទិញត្រូវបានធ្វើឲ្យខាតបង់នោះទេ ប៉ុន្តែទទួលស្គាល់ថា វាជារឿងដែលអាចកើតមាន ហើយបានព្រមទទួលថា ចាំបាច់ត្រូវមានការថែទាំបន្ថែមទៀត។
ដើមឡើយ រដ្ឋអាជ្ញាចង់ផាកពិន័យចំនួន ២លានអឺរ៉ូ ដោយយោងទៅលើប្រាក់ខែរបស់លោក Stadler នៅក្រុមហ៊ុន Audi និង Volkswagen និងទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងអចលនទ្រព្យរបស់លោក។ ការកាត់ក្តីចំពោះលោក Stadler ដែលជាដំណើរការតុលាការមួយ ក្នុងចំណោមដំណើរការដ៏លេចធ្លោបំផុត បន្ទាប់ពីរឿងអាស្រូវប្រេងម៉ាស៊ូត បានបន្តតាំងពីឆ្នាំ២០២០។
ក្រុមហ៊ុនមេរបស់ Audi គឺ Volkswagen (VOWG_p.DE) និង Audi បានទទួលស្គាល់ក្នុងឆ្នាំ២០១៥ ថាបានប្រើកម្មវិធីខុសច្បាប់ ដើម្បីបន្លំការធ្វើតេស្តបញ្ចេញឧស្ម័ន៕

