
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា រោងចក្រស៊ីម៉ង់ត៍ មានសមត្ថភាពផលិត ប្រមាណ២លានតោន ក្នុងមួយឆ្នាំ នឹងបើកដំណើរការនាពេលខាងមុខ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តនេះ ក្លាយជាខេត្តផ្គត់ផ្គង់ស៊ីម៉ង់ត៍មួយក្នុងប្រទេស។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត រោចក្រសហគ្រាសនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តកំពង់ស្ពឹ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់គម្រោងវិនិយោគ រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរ និងឧស្សាហកម្មធុនធ្ងន់។
រោងចក្រផលិតស៊ីម៉ង់ត៍ខាងលើនេះ វិនិយោគដោយ ក្រុមហ៊ុនមកពីប្រទេសចិន Conch KT Cement ដែលកំពុងវិនិយោគរោងចក្រផលិតស៊ីម៉ងត៍ ក្នុងខេត្តបាត់ដំបង ក្រោមទុនវិនិយោគប្រមាណ ២៦៣ លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ង់ត៍ ៥ កំពុងដំណើរការ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត៕អត្ថបទ៖ វណ្ណៈ