ចិន ៖ លោក Klaus Schwab គឺជាប្រធានប្រតិបត្តិការវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានរៀបចំឡើងនៅទីក្រុង Tianjin (ទាំនជីន)ភាគខាងជើងប្រទេសចិន បាននិយាយនាថ្ងៃអង្គារនេះថា ភាពជាអ្នកដឹកនាំមិនរួញរា និងកិច្ចសហប្រតិបត្តិការសកល មានសារៈសំខាន់បំផុតចំពោះពិភពលោករបស់ពួកយើង ស្របពេលដែលពួកយើងកំពុងឆ្លងកាត់ពេលវេលាផ្លាស់ប្តូរ និងការបែងចែកពុំធ្លាប់ដែលមានពីមុនមក ។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំជើងឯកថ្មីប្រចាំឆ្នាំលើកទី ១៤ ដែលគេស្គាល់ឈ្មោះថារជាកិច្ចប្រជុំកំពូលក្រុង Davos លោក Schwab បានស្វាគមន៍អ្នកចូលរួមទាំងអស់ ក្រោយពេលដែលព្រឹត្តការណ៍មួយនេះ ត្រូវបង្ខំរៀបចំឡើងតាមអនឡាញ ដោយសារតែការរីករាលដាលឆ្លងសកលជំងឺ COVID-19កាលពីឆ្នាំមុនៗ ហើយលោកបានកត់សំគាល់ឃើញថា ពិភពលោកនៅរងការគំរាមកំហែងពីការងារលំបាកជាច្រើនទៀត ។
លោក Schwabនិយាយថា ស្របពេលដែលពួកយើងវិលត្រឡប់ទៅរកកិច្ចប្រជុំកំពូលក្រុង Davosវិញ ក្រោយរយៈពេល ៣ឆ្នាំនៃជំនួបតាមអនឡាញដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19នោះ ប្រធានបទនៃជំនួបឆ្នាំនេះ គឺ “ភាពជាសហគ្រិន៖ កម្លាំងអូសទាញសេដ្ឋកិច្ចសកល”។ ពួកយើងកំពុងរស់នៅក្នុងពេលវេលាផ្លាស់ប្តូរ និងការបែងចែកពុំធ្លាប់ដែលមានពីមុនមក បង្កឡើងដោយសារតែវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជឿនលឿន ដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការងារលំបាកក្នុងសង្គម និងបរិស្ថាន ។ កត្តាទាំងអស់នេះហើយ នឹងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់មនុស្ស ។
សូមបញ្ជាក់ថា អ្នកចូលរួមចំនួន ១.៥០០នាក់ មកពីវិស័យធុរកិច្ច រដ្ឋាភិបាល អង្គការអន្តរជាតិ និងបណ្ឌិត្យសភា កំពុងចូលរួមព្រឹត្តការណ៍រយៈពេល ៣ថ្ងៃនេះ ដើម្បីផ្តល់ការយល់ដឹងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល និងសក្តានុពលក្នុងយុគសម័យក្រោយការរីករាលដាលឆ្លងជំងឺ COVID-19 ៕

