ស្រីលង្កា ៖ ទីភ្នាក់ងារសារព័ត៌មានReuters បានរាយការណ៍ថា ប្រទេសស្រីលង្កាគ្រោងនឹងចុះកិច្ចព្រមព្រៀងជាមួយធនាគារពិភពលោក ដើម្បីទទួលបានជំនួយថវិកាចំនួន ៥០០លានដុល្លារ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័ត នៅថ្ងៃអង្គារ (ទី២៧ ខែមិថុនា) នេះ ដោយនេះគឺជាការផ្តល់មូលនិធិដ៏ធំបំផុត សម្រាប់ស្រីលង្កា ចាប់តាំងពីមានកិច្ចព្រមព្រៀងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា។
ប្រទេសស្រីលង្កាដែលមានប្រជាជនចំនួន ២២លាននាក់ កំពុងងើបចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល ៧ទសវត្សរ៍ ហើយសេដ្ឋកិច្ចរបស់ប្រទេស ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២ភាគរយ នៅឆ្នាំនេះ មុនពេលស្ទុះទៅមានកំណើនវិញនៅឆ្នាំក្រោយ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុនចំនួន ៧,៨ភាគរយ។
កាលពីសប្តាហ៍មុន មានសេចក្ដីរាយការណ៍ថា ធនាគារពិភពលោកទំនងជានឹងអនុម័តថវិកាចំនួន ៧០០ លានដុល្លារ ដើម្បីគាំទ្រផ្នែកថវិកា និងសុខុមាលភាព សម្រាប់ស្រីលង្កា ហើយសារព័ត៌មាន Reuters បានរាយការណ៍ថា ជំនួយផ្នែកថវិកា និងសុខុមាលភាពទំនងជាត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅថ្ងៃទី២៨ ខែមិថុនា។
យោងតាមរបាយការណ៍នេះ ពីចំនួន ៧០០លានដុល្លារជាជំនួយថវិកា និងសុខុមាលភាព ចំនួន ២០០លានដុល្លារ នឹងប្រើប្រាស់សម្រាប់កម្មវិធីសុខុមាលភាព។ រដ្ឋាភិបាលបាននិយាយ នៅថ្ងៃអង្គារ (ទី២៦ ខែមិថុនា) ថា ការផ្តល់មូលនិធិពីអ្នកឲ្យខ្ចី នឹងមកដល់ជា ២ចំណែក៕

