ហែលទឹក៖ ដើម្បីធានាបាននូវគុណភាព ចំពោះការផ្ដល់ចំណេះដឹងឲ្យចំគោលដៅ និងប្រកបដោយគុណភាព សហព័ន្ធខ្មែរកីឡាហែលបានជ្រើសគរុសិស្សអប់រំកាយ និងកីឡា ឲ្យមកសិក្សាវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ ដោយផ្ដល់ឱកាសដល់ការចូលរួមសិក្សា ទទួលចំណេះដឹងថ្មីលើវិស័យកីឡាហែលទឹក។ នេះបើតាមការលើកឡើងរបស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។
ប្រាប់អ្នកព័ត៌មានក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហែម គីរី បានគូសបញ្ជាក់ថា វត្តមានគរុសិស្សចូលរួមវគ្គនេះគឺជាឱកាសល្អមួយ សម្រាប់សហព័ន្ធក្នុងការសម្លឹងរកគ្រូកីឡាប្រកបដោយគុណភាព សម្រាប់ទិសដៅស៊ីហ្គេម២០២៣ និងទៅអនាគត។ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩នេះ សហព័ន្ធបានបង្វែរទិសដៅដោយផ្ដោតសំខាន់ លើសិក្ខាកាមដែលនៅខេត្តនានាក្នុងតំបន់សមុទ្រដូចជា ខេត្តកំពត ព្រះសីហនុ និងកោះកុងជាដើម ខណៈកាលរៀបចំលើកទី១ ក្នុងឆ្នាំ២០១៧ សហព័ន្ធបានផ្ដោតសំខាន់លើខេត្តមួយចំនួន ដែលជាប់នៅតំបន់ទន្លេដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្ដាល បាត់ដំបង និងសៀមរាប។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩នេះធ្វើឡើងរយៈពេល ៣ថ្ងៃគឺពីថ្ងៃទី១១ ដល់ទី១៣ ខែកុម្ភៈម្សិលមិញ ខណៈដែលសិក្ខាកាមចូលរួមសរុបមានចំនួន ២៩រូបក្នុងនោះសិក្ខាកាមដែលជាគរុសិស្សអប់រំកាយ និងកីឡាមានចំនួន ១០រូបផងដែរ៕
