ឥណ្ឌា ៖ ប្រជាជននៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា ដែលរងគ្រោះដោយទឹកជំនន់ ត្រូវបង្ខំចិត្តកសាងជីវិតរបស់ពួកគេឡើងវិញពីគំនរបាក់បែក បន្ទាប់ពីបាត់បង់លំនៅឋាន និងប្រដាប់ប្រដាប្រើប្រាស់ សម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយសារទឹកជំនន់។
ជនរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុក Bajali ត្រូវបានគេឃើញស្នាក់នៅឯជម្រកសង្គ្រោះមួយកន្លែង នៅថ្ងៃអង្គារ (ថ្ងៃទី២៧ ខែមិថុនា) ជាមួយនឹងការខ្វះខាតយ៉ាងច្រើននូវរបស់របរ ដែលពួកគេអាចព្យួរសម្ភារៈប្រើប្រាស់បាន។
ទន្ទឹមនឹងនេះ នៅក្នុងស្រុក Barpeta របស់រដ្ឋ Assam គេបានឃើញថា អ្នកស្រុកកំពុងជួបការលំបាក ពេលដើរឆ្លងទឹកជំនន់ ដែលលិចដល់ចង្កេះ។ ចំនួនអ្នកស្លាប់នៅស្រុក Barpeta បានកើនឡើងដល់ ៥នាក់ គិតចាប់តាំងពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ខណៈដែលអ្នកស្រុកយ៉ាងហោចណាស់ ២.៩១៥នាក់ បានទៅជ្រកកោន ក្នុងជំរុំសង្គ្រោះចំនួន ២៩កន្លែង។
ខ្យល់មូសុងដ៏មានកម្លាំងខ្លាំង គឺតែងតែកើតឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដ្ឋ Assam ដោយបណ្តាលឲ្យមានទឹកជំនន់ និងបំបាក់ដី ដែលបង្ខំឲ្យអ្នកស្រុកត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយបោះបង់ចោលសម្បត្តិរបស់ខ្លួន៕

