ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវសារជាថ្មី កុំឱ្យមានការ LIVE ជេរ បញ្ចោរ ដៀលត្មះ គ្នា តាមបណ្តាញសង្គមពេលមានជម្លោះក្នុងគ្រួសារ(ប្តី ប្រពន្ធ) គួរទុកកិត្តិយសសម្រាប់កូនៗ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមានគម្រោងចុះជួបជាមួយកម្មករនិយោជិតតាំងពីឆ្នាំ២០២០ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ ទើបមានការពន្យារពេលដល់ពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀត ដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ។ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែមានការពង្រឹងចំពោះការគោរពទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរឡើងវិញ ដែលចំណុចនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសីលធម៌ និងសុជីវធម៌យុវជនជំនាន់ក្រោយឱ្យចេះគោរពចាស់ទុំ កូនគោរព ឪពុកម្ដាយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអរគុណដល់កម្មករ-កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អរហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរចុះ ជួបបងប្អូនកម្មករនិយោជិតរបស់សម្តេច មិនមែនជាការជិះសេះមើលផ្កានោះទេ គឺដើម្បីស្វែងរកវឌ្ឍនភាព និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតដែលជួបបញ្ហា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត។ រាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា៖បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់ ៣៨%។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កម្មករនិយោជិតកុំលង់ទៅតាមការញុះញង់របស់ក្រុមជនអាក្រក់នៅក្រៅប្រទេស ខណៈកាលពីឆ្នាំ២០១៣ ក្រុមជនអាក្រក់នេះហើយ ជាមេខ្លោងដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់។
សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណា ក៏ដោយឲ្យ តែមានការអន្តរាគមន៍ពីបរទេស នឹងគ្មានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ ដើម្បីលុបបំបាត់ការជ្រៀតជ្រែករបស់បរទេសលើផ្ទៃក្នុងកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់បរទេសដែលមកវិនិយោគនៅកម្ពុជា គឺផ្ដោតសំខាន់លើធនធានចំនួន២ គឺធនធានមនុស្ស និងអគ្គិសនី ដូច្នេះចាប់ពីខែសីហា ឆ្នាំ២០២៣នេះ តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញជាយុវជនចំនួន ១,៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។
សម្តេចតេជោ បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។
សម្តេចតេជោ បានដាក់ការសង្ស័យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលឈ្លានពានចូលទឹកដីកម្ពុជានេះ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។
សម្តេចតេជោ ហ៊ុន សែន ព្រមានជាថ្មីចំពោះជនណាក៏ដោយ ដែលមានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិ ៣ ជំនាន់នៅក្រៅប្រទេស គឺត្រូវតែមានវិធានការទាំងអស់។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានា ចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលមកដែនដីកម្ពុជា គឺជាបំពានដែនដីរបស់កម្ពុជា ហើយករណីនេះមិនមែនជារឿងសាមញ្ញនោះទេ គឺជារឿងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។




















